វេរញ្ជកណ្ឌវណ្ណនា
សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរ ដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃ មានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ ( នូវ ដំណឹងនោះហើយ ទើបប្រកាសសេចក្តីថា ) ម្នាលគ្នាយើង បានឮថា ព្រះសមណ គោតម ជាសក្យបុត្រចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវ មកគង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹង ភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ កិត្តិសព្ទដ៏ពីរោះ របស់ ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តី សៅហ្មងគ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹងនិងក្រឹត្យ ដែលបុគ្គល គប្បីប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ថា អនុត្តរោ ព្រោះ ព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ចំពោះព្រះអង្គនូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ