ទិព្វចក្ខុកថា
បទជាច្រើនថា សោ ឯវំ ។ បេ ។ ចុតូបបតិញ្ញាណាយ សេចក្តីថា ( តថាគតបានបង្អោនចិត្តទៅហើយ ) ដើម្បីញាណ ( ការដឹង ) ក្នុងចុតិ និងបដិសន្ធិ ( របស់សត្វទាំងឡាយ ) ។ អធិប្បាយថា ( តថាគតបាន បង្អោនចិត្តទៅហើយ ) ដើម្បីញាណដែលជាគ្រឿងដឹងចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ។ ពីរបទថា ចិត្តំ អភិនិន្នាមេសឹ សេចក្តីថា តថាគតបានបង្អោនបរិកម្ម ចិត្តទៅ ។ ចំណែកក្នុងពាក្យថា សោ ទិព្វេន ។ បេ ។ បស្សាមិ នេះ មាន វិនិច្ឆ័យថា ព្រះមហាសត្វទាំងឡាយ ដែលមានបារមីបរិបូណ៌ហើយ រមែង មិនមានការធ្វើបរិកម្ម ពិតហើយ ព្រះមហាសត្វទាំងនោះ លុះបង្អោនចិត្តទៅ បុណ្ណោះ រមែងឃើញសត្វទាំងឡាយ ដែលកំពុងចុតិ កំពុងបដិសន្ធិ ថោក ទាប ប្រណីត មានពណ៌សម្បុរល្អ មានពណ៌សម្បុរអាក្រក់ មានស្តុកស្តម្ភ ក្រលំបាក ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្ស ។ កុលបុត្រដែល ជាអាទិកម្មិកទាំងឡាយ ត្រូវធ្វើបរិកម្មទើបឃើញ ។ ព្រោះហេតុនោះ ការ បរិកម្មដោយអំណាចនៃកុលបុត្រទាំងនោះ ទើបគួរពោលទុក ។ តែកាលខ្ញុំ នឹងពោលការបរិកម្មនោះ នឹងធ្វើនិទាននៃព្រះវិន័យឲ្យជាភារៈធ្ងន់ពេក ព្រោះ ដូច្នោះ ខ្ញុំមិនពោលបរិកម្មនោះទុកទេ ។ ចំណែកអ្នកសិក្សាទាំងឡាយ ដែល មានសេចក្តីត្រូវការ គួរកាន់យកបរិកម្មនោះតាមន័យដែលខ្ញុំពោលទុកហើយ ក្នុងបករណ៍វិសេសឈ្មោះវិសុទ្ធិមគ្គឯណោះចុះ ។ តែក្នុងនិទាននៃព្រះវិន័យ នេះ ខ្ញុំនឹងពណ៌នាទុកចំពោះព្រះបាលីបុណ្ណោះ ។ អធិប្បាយ ពាក្យថា ទិព្វចក្ខុ ជាដើម បទថា សោ គឺ សោ អហំ ប្រែថា តថាគតនោះ ។ ក្នុងពាក្យថា ទិព្វេន ជាដើម មានវិនិច្ឆ័យយ៉ាងនេះថា ចក្ខុបសាទ ឈ្មោះថា ទិព្វ ព្រោះ ដូចជាចក្ខុទិព្វ ។ ពិតហើយ ចក្ខុបសាទរបស់ទេវតាទាំងឡាយ