ពាហិរនិទាន
ពាហិរនិទាន ប្ររព្ធហេតុធ្វើបឋមសង្គាយនា សេចក្តីពិស្តារថា កាលព្រះមានព្រះភាគ ដែលជាទីពឹងនៃសត្វលោក ទ្រង់ធ្វើពុទ្ធកិច្ច តាំងពីទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅជាដើម ដរាបដល់ប្រោស សុភទ្ទបរិព្វាជកហើយ ទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងពេល ទៀបភ្លឺ ក្នុងថ្ងៃវិសាខបុណ្ណមី ត្រង់ចន្លោះដើមសាលព្រឹក្សទាំងគូ ក្នុងសាលវ័ន ដែលជាទីប្រពាតរបស់ស្តេចមល្លៈទាំងឡាយ ជិតក្រុងកុសិនារា ព្រះមហាកស្សប ដែលជាសង្ឃត្ថេរនៃភិក្ខុប្រមាណ ៧ សែនអង្គ ដែលប្រជុំគ្នាត្រង់ទីបរិនិព្វាន នៃព្រះមានព្រះភាគ រពឫកដល់ពាក្យដែលសុភទ្ទវុឌ្ឍបព្វជិតពោល កាលព្រះមាន ព្រះភាគទ្រង់បរិនិព្វានហើយ បាន ៧ ថ្ងៃថា អាវុសោទាំងឡាយ ណ្ហើយ អ្នកទាំងឡាយ កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួកយើងនឹងបានរួចស្រឡះ ហើយ ព្រោះថា ពួកយើង មហាសមណៈនោះតែងបៀតបៀនថា អំពើនេះគួរ ដល់អ្នក អំពើនេះមិនគួរដល់អ្នក ឥឡូវនេះ ពួកយើងនឹងប្រាថ្នាធ្វើនូវអំពើណា នឹងធ្វើនូវអំពើនោះ មិនប្រាថ្នាធ្វើនូវអំពើណា នឹងមិនធ្វើអំពើនោះបាន ដូច្នេះ លោកពិចារណាឃើញថា ការប្រជុំសង្ឃចំនួនច្រើនដូច្នេះ អំណឹះតទៅ នឹងរក បានដោយក្រ ទើបត្រិះរិះថា ការដែលពួកបាបភិក្ខុ នឹងគប្បីជាអ្នកសម្គាល់ថា បាវចនៈ មានព្រះសាស្តាកន្លងទៅហើយ ដូច្នេះ បានបក្ខពួកហើយ គប្បីញ៉ាំង ព្រះសទ្ធម្មឲ្យអន្តរធានបាន មិនយូរឡើយ ក៏ដំណើរនេះ ជាឋានៈ ( ហេតុ ) ដែលនឹងមានជាប្រាកដ ។ សេចក្តីពិត ព្រះវិន័យតាំងនៅដរាបណា បាវចនៈ នៅមានព្រះសាស្តា មិនកន្លងទៅដរាបនោះ សេចក្តីនេះសមដោយព្រះតម្រាស់