មេថុនធម្មសិក្ខាបទវណ្ណនា
រឿង សុទិន្នភិក្ខុ បន្ទាប់អំពីវេរញ្ជកណ្ឌនេះទៅ ពាក្យថា តេន ខោ បន សមយេន វេសាលិយា អវិទូរេ ជាដើម មានអត្ថភ្លឺច្បាស់ដោយច្រើន ព្រោះដូច្នោះ ខ្ញុំនឹងវៀរការពណ៌នាតាមលំដាប់បទចោល និងពណ៌នាចំពោះ តែបទ ដែលមានពាក្យសមគួរនឹងពោលបុណ្ណោះ ។ ស្រុកដែលបានឈ្មោះថា កលន្ទគាម ក៏ដោយអំណាចនៃសត្វកង្ញែន ទាំងឡាយ ដែលហៅថា កលន្ទក ។ បទថា កលន្ទបុត្តោ សេចក្តីថា ( សុទិន្ន ) ជាកូនរបស់កលន្ទសេដ្ឋី ដែលមានទ្រព្យ ៤០ កោដិ ដែលបានឈ្មោះដោយអំណាចនៃស្រុក ដែល ព្រះរាជាសន្មតឲ្យ ។ ក៏ព្រោះមនុស្សដទៃដែលមានឈ្មោះថា កលន្ទៈ មាន ក្នុងតំបន់នោះ ដូច្នោះ ទើបលោកពោលថា កលន្ទបុត្ត ហើយពោលដដែល ទុកទៀតថា សេដ្ឋីបុត្ត ។ បទថា សម្ពហុលេហិ ប្រែថា ច្រើនសន្ធឹកសន្ធាប់ ។ បទថា សហាយកេហិ សេចក្តីថា បុគ្គល ឈ្មោះថា សម្លាញ់ ព្រោះ អត្ថថា ទៅរួមគ្នា គឺចូលដល់សុខ និងទុក្ខផងគ្នា ។ សម្លាញ់នោះឯង ឈ្មោះ ថា សហាយកា ។ ( សុទិន្នកលន្ទបុត្របានទៅក្រុងវេសាលី ) មួយអន្លើ ដោយសម្លាញ់ទាំងនោះ ។ បទថា សទ្ធឹ ប្រែថា ជាពួកតែមួយ ។ ពីរបទថា កេនចិទេវ ករណីយេន សេចក្តីថា ដោយកិច្ចឯណាមួយ មានប្រកបការលក់ដូរទំនិញ ការឲ្យខ្ចី និងការទារបំណុលជាដើម ។ អាចារ្យ ពួកខ្លះពោលថា ដោយកិច្ច គឺការលេងកីឡា ដែលជានក្ខត្តឫក្សក្នុងខែកត្តិក ដូច្នេះក៏មាន ។ ពិតហើយ ព្រះដ៏មានព្រះភាគយាងទៅដល់នគរវេសាលីក្នុង ជុណ្ហបក្ខ ( ខាងខ្នើត ) នៃខែកត្តិក ។ ម្យ៉ាងទៀត ក្នុងនគរវេសាលីនេះ មានការលេងកីឡា ដែលជានក្ខត្តឫក្សប្រចាំខែកត្តិក យ៉ាងឱឡារិក សុទិន្នកលន្ទបុត្រនោះ គប្បីជ្រាបថា ទៅ ( កាន់នគរវេសាលី ) ដើម្បីលេងកីឡា នក្ខត្តឫក្សនោះ ។