សិក្ខាបទវិភង្គនៃបឋមបារាជិក
អធិប្បាយ សិក្ខាបទវិភង្គនៃបឋមបរាជិក វិន័យ ៤ យ៉ាង ឥឡូវនេះ ព្រះដ៏មានព្រះភាគ កាលទ្រង់ចែកអត្ថនៃសិក្ខាបទ នោះ ទើបត្រាស់ពាក្យជាដើមថា យោ បនាតិ យោ យាទិសោ ដូច្នេះ ។ ព្រះវិនយធរ ដែលប្រាថ្នាភាពជាអ្នកឈ្លាសក្នុងសិក្ខាបទវិភង្គនៃសិក្ខាបទនោះ និងវិនយវិនិច្ឆ័យទាំងអស់ គួរជ្រាបវិន័យ ៤ យ៉ាងថា ពិតហើយ ព្រះធម្មសង្គាហកមហាថេរៈទាំងឡាយ ដែលមានឫទ្ធិច្រើនក្នុងកាលមុន បាន នាំវិន័យ ៤ យ៉ាង មកបើកផ្ងារហើយ ។ វិន័យ ៤ យ៉ាងដូចម្តេច វិន័យ ៤ យ៉ាង គឺសុត្តៈ សុត្តានុលោម អាចរិយវាទ អត្តនោមតិ ដែលព្រះនាគសេនត្ថេរពោលទុក ( ក្នុងមិលិន្ទប្បញ្ញា ) ថា មហាបពិត្រ សេចក្តីដែលកុលបុត្រគប្បីទទួលដោយបទខាង ដើមនោះឯង ដោយរស ដោយភាពជាវង្សនៃអាចារ្យ ដោយសេចក្តី អធិប្បាយ ។ ពិតហើយ បណ្តាពាក្យទាំងនេះ ពាក្យថា អាហច្ចបទ លោកសំដៅ យកសុត្តៈ ។ ពាក្យថា រស លោកបំណងយកសុត្តានុលោម ។ ពាក្យថា អាចរិយវង្ស លោកសំដៅយកអាចរិយវាទ ។ ពាក្យថា អធិប្បាយ លោកសំដៅយកអត្តនោមតិ ។ បណ្តាវិន័យ ៤ យ៉ាងនេះ ដែលឈ្មោះថា សុត្តៈ បានដល់ បាលីក្នុង វិនយបិដកទាំងមូល ដែលឈ្មោះថា សុត្តានុលោម បានដល់ មហាបទេស ៤ ដែលព្រះដ៏មានព្រះភាគត្រាស់ទុកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ របស់ ណា ដែលតថាគតមិនបានហាមទុកថា របស់នេះមិនគួរទេ បើរបស់នោះ អនុលោមចូលរបស់មិនគួរ ឃាត់របស់គួរ របស់នោះមិនគួរដល់អ្នកទាំងឡាយឡើយ ១ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលតថាគតមិនបានហាម ទុកថា របស់នេះមិនគួរ បើរបស់នោះ អនុលោមចូលរបស់គួរ ឃាត់របស់ មិនគួរ របស់នោះគួរដល់អ្នកទាំងឡាយ ១ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលតថាគតមិនបានអនុញ្ញាតទុកថា របស់នេះគួរ បើរបស់នោះអនុលោម ចូលរបស់មិនគួរ ឃាត់