អធិប្បាយ វិធីលាសិក្ខា

ក្បាលទី 1 · ទំព័រ 622

បទច្រើនថា សិក្ខំ អបច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា សេចក្តី ថា មិនពោលលាសិក្ខាផង មិនប្រកាសភាពជាបុគ្គលមានកម្លាំងខ្សោយផង ។ ការធ្វើឲ្យជាក់ច្បាស់នូវភាពជាបុគ្គលមានកម្លាំងខ្សោយហើយ សិក្ខាមិនទាន់ ជាការពោលលាឡើយ តែកាលពោលលាសិក្ខាហើយ ភាពជាអ្នកមានកម្លាំង ខ្សោយ រមែងជាការធ្វើឲ្យជាក់ច្បាស់ផងដែរ ព្រោះហេតុនោះ ដោយបទថា ទុព្វល្យំ អនាវិកត្វា នេះ ទើបមិនបានអត្ថវិសេសណាមួយឡើយ ដូចជា ពាក្យថា ពោលលា ដែលព្រះដ៏មានព្រះភាគត្រាស់ទុកថា គប្បីសម្រេចការដេក រួម ២-៣ យប់ ដូច្នេះ បណ្ឌិតក៏មិនបានអត្ថពិសេសណាមួយឡើយ ។ ពាក្យថា ២-៣ យប់នេះ ព្រះអង្គត្រាស់ដោយភាពជាពាក្យពីរោះរណ្តំដោយ ព្យញ្ជនៈ ដោយភាពជាពាក្យជាប់ព្រះឱស្ឋ ដោយអំណាចលោកវោហារតែ ម្យ៉ាង សេចក្តីនេះយ៉ាងណា សូម្បីពាក្យថា មិនបានធ្វើឲ្យជាក់ច្បាស់នូវភាពជា បុគ្គលខ្សោយកម្លាំងនេះ ក៏ដូច្នោះ បណ្ឌិតគប្បីជ្រាបថា ព្រះដ៏មានព្រះភាគ ត្រាស់ដោយភាពជាពាក្យសម្រួលមាត់ ដោយភាពជាពាក្យពីរោះរណ្តំដោយ ព្យញ្ជនៈ ដោយភាពជាពាក្យជាប់ព្រះឱស្ឋ ។ ប្រការមួយទៀត ព្រះដ៏មានព្រះភាគ ទ្រង់រមែងសម្តែងធម៌ ព្រមទាំង អត្ថ និងព្យញ្ជនៈ ព្រោះដូច្នោះ ទើបទ្រង់ញ៉ាំងអត្ថឲ្យដល់ព្រម ដោយបទថា មិនពោលលាសិក្ខានេះ ញ៉ាំងព្យញ្ជនៈឲ្យដល់ព្រមដោយបទថា មិនធ្វើឲ្យជាក់ច្បាស់ នូវភាពជាបុគ្គលមានកម្លាំងខ្សោយនេះ ។ ពិតហើយ អត្ថដែលពោល ចំពោះបទមួយ ប្រាសចាកបទដែលជាបរិវារហើយ រមែងមិនពីរោះ ប្រៀប ដូចព្រះរាជាដែលប្រាសចាកបរិវារ និងបុរសដែលប្រាសចាកសំពត់ និង អលង្ការ រមែងមិនស្រស់ស្អាត ដូច្នោះ ។