អដ្ឋកថា វេរញ្ជកណ្ឌវណ្ណនា
ឥឡូវនេះ ខ្ញុំនឹងធ្វើការពណ៌នាសេចក្តីនៃបទទាំងឡាយ មាន បទថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ព្រោះបានពោលទុកហើយថា នឹងធ្វើការពណ៌នាអត្ថនៃព្រះវិន័យ សម្តែងអត្ថនៃ បាលីថា តេន ជាដើមដោយប្រការផ្សេងៗ ។ ខ្ញុំនឹងធ្វើការពណ៌នាអត្ថដូចម្តេចវិញ ។ អធិប្បាយបទថា តេន ជាដើម បទថា តេន ជាពាក្យសម្តែងចេញដោយមិនចំពោះ ។ បណ្ឌិត គប្បីជ្រាបបដិនិទ្ទេសនៃបទថា តេន នោះ ដោយពាក្យថា យេន នេះ ដែល ជាពាក្យសរុប សូម្បីមិនពោលទុក តែសម្រេចបានដោយអត្ថក្នុងកាលខាងក្រោយ ។ ពិតហើយ ការរំពឹងរបស់ព្រះសារីបុត្រដែលជាហេតុនៃការអារាធនា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តនូវព្រះវិន័យ សម្រេចបានក្នុងកាលខាងក្រោយ ព្រោះ ហេតុនោះ គប្បីជ្រាបសម្ពន្ធក្នុងពាក្យថា តេន សមយេន ជាដើមនេះយ៉ាង នេះថា ការរំពឹងនោះកើតឡើងដោយសម័យណា សម័យនោះ ព្រះដ៏មាន ព្រះភាគទ្រង់ប្រថាប់ត្រង់ស្រុកវេរញ្ជា ។ ពិតហើយ វិធីនេះជាវិធីដែលសមគួរក្នុងព្រះវិន័យទាំងអស់ គឺពាក្យថា តេន លោកពោលទុកក្នុងទីណាៗ ក្នុងទីនោះៗ បណ្ឌិតគប្បីធ្វើបដិនិទ្ទេស ដោយពាក្យថា យេន នេះ ដែលសម្រេចដោយអត្ថក្នុងកាលមុន ឬខាងក្រោយ ។ ឧទាហរណ៍ល្មមជាផ្លូវនៃវិធី ដែលសមតាមពោលហើយនោះ ដូច្នេះ ។ សុទិន្នភិក្ខុសេពមេថុនធម្ម ព្រោះហេតុណា ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះឯង តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ មានពាក្យ អធិប្បាយថា សុទិន្នភិក្ខុសេពមេថុនធម្ម ព្រោះហេតុណា ព្រោះហេតុនោះ តថាគតនឹងបញ្ញត្ត ។ បដិនិទ្ទេសរមែងសមគួរដោយពាក្យថា យេន នេះ ដែលសម្រេចដោយអត្ថក្នុងកាលមុនយ៉ាងនេះមុន ។ បដិនិទ្ទេសរមែងសមគួរ ដោយពាក្យថា យេន នេះ ដែលសម្រេចដោយអត្ថក្នុងកាលក្រោយយ៉ាង នេះថា ធនិយភិក្ខុជាកូនស្ម