បោដ្ឋបាទសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង មានបរិព្វាជកម្នាក់ ឈ្មោះបោដ្ឋបាទ នៅអាស្រ័យក្នុង មល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី ( សម្រាប់ ពួកជនមានព្រាហ្មណ៍ជាដើម ) ប្រជុំគ្នាជជែកអំពីលទ្ធិ ( របស់ខ្លួន ) ជាមួយនឹង បរិព្វាជកបរិសទ្យជាច្រើន ចំនួន ៣០០០ នាក់ ។ លំដាប់នោះ ព្រះមាន ព្រះភាគទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកពេក ណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបោដ្ឋបាទបរិព្វាជក នៅក្នុងមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ ប្រជុំគ្នាជជែកអំពីលទ្ធិ ។ គ្រានោះឯង ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរ ចូលទៅ ឯមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី សម្រាប់ប្រជុំគ្នាជជែកអំពីលទ្ធិ ។ សម័យនោះឯង បោដ្ឋបាទបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជក បរិសទ្យច្រើននាក់ កំពុងតែនិយាយពាក្យតិរច្ឆានកថាច្រើនយ៉ាង ដោយ សំឡេងហោ សំឡេងឮខ្លាំងកងរំពង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពី ចម្បាំង និយាយអំពីគ្រឿងស៊ី និយាយអំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយ អំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ អំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី ន