កេវដ្តសូត្រទី ១១

ក្បាលទី 10 · ទំព័រ 162

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ជាម្ចាស់ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា ។ គ្រានោះ គហបតិបុត្រ ឈ្មោះកេវដ្តៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះ កេវដ្តគហបតិបុត្រអង្គុយ ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុក ស្តុកស្តម្ភ បរិបូណ៌ ( ដោយទ្រព្យរបស់ផ្សេងៗ ) មានជនច្រើន មាន មនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែលចំពោះព្រះមានព្រះភាគ បពិត្រ ព្រះអង្គដ៏ចម្រើន ភិក្ខុណាអាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម ១០ សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ ១ រូប ( ឲ្យធ្វើ ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមាន ព្រះភាគ ។ កាលកេវដ្តគហបតិបុត្រ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមាន ព្រះភាគទ្រង់ត្រាស់នឹងកេវដ្តគហបតិបុត្រថា ម្នាលកេវដ្តៈ តថាគតមិន សម្តែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថ អ្នកស្លៀកពាក់សដូច្នេះឡើយ ។ កេវដ្តគហបតិបុត្របានក្រាបបង្គំទូលសេចក្តី នេះ នឹងព្រះមានព្រះភាគជាគម្រប់ ២ ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានតាំងព្រះមានព្រះភាគ ( ឲ្យសម្តែង ) ទេ ខ្ញុំព្រះអង្គគ្រាន់តែ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុក ស្តុកស្តម្ភ បរិបូណ៌ ( ដោយទ្រព្យរបស់ផ្សេងៗ ) មានជនច្រើន មានមនុស្សក