លោហិច្ចសូត្រទី ១២

ក្បាលទី 10 · ទំព័រ 188

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់ព្រះដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយពួកភិក្ខុច្រើន ប្រមាណ ៥០០ រូប ក៏បានទៅដល់ស្រុកឈ្មោះសាលវតិកា ។ ក៏សម័យ នោះឯង ព្រាហ្មណ៍ឈ្មោះលោហិច្ច នៅអាស្រ័យក្នុងស្រុកសាលវតិកា ដែលជាស្រុកកុះករដោយសត្វ គឺមនុស្ស និងតិរច្ឆាន មានដំរី សេះជាដើម បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវអង្ករជាព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយ ជា រង្វាន់ដ៏ប្រសើរ ។ ជួនសម័យនោះឯង ទិដ្ឋិអាក្រក់មានសភាពដូច្នោះ ក៏កើតឡើង ដល់លោហិច្ចព្រាហ្មណ៍ថា សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះគប្បីបាន នូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចង ចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ ( យល់ ) ថា លោភធម៌ដ៏លាមកអ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ។ តមក លោហិច្ចព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតមជាសក្យបុត្ត ចេញ ចាកសក្យត្រកូលទៅបួស ហើយទ្រង់ព្រះដំណើរទៅកាន់ចារិកក្នុងដែន កោសល ព្រមដោយភិក្ខុសង្ឃជាច្រើនប្រមាណ ៥០០ រូប បានដល់មក ស្រុកសាលវតិកាហើយ កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះពីរោះ ឮ ខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ។ បេ ។ ព្រះអង្គ បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ទ្រង់បាន ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានចំពោះព្រះអង្គ ហើយញ៉ាំង លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស ឲ្