តេវិជ្ជសូត្រទី ១៣
ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុ សង្ឃច្រើន ប្រមាណ ៥០០ រូប បានទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះ មនសាកតរបស់កោសលជនបទ ។ ឮថាព្រះមានព្រះភាគ ទ្រង់ប្រថាប់នៅក្នុង អម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើងនៃមនសាកតគ្រាម ជិត ស្រុកមនសាកតនោះ ។ សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះ ល្បីល្បាញច្រើននាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះ ឈ្មោះអ្វីខ្លះ គឺឈ្មោះវង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុសោនិព្រាហ្មណ៍ តោទេយ្យព្រាហ្មណ៍ និងពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ ។ គ្រានោះ ពួកមាណព ជាវាសេដ្ឋគោត្រ និងភារទ្វាជគោត្រ កំពុងនាំគ្នាដើរត្រសងចុះឡើងឲ្យស្រួល ជើង ( ដើម្បីបន្ទោបង់សេចក្តីរួយស្រពន់ ) ក៏កើតពាក្យជជែកគ្នាអំពីផ្លូវ និងមិនមែនផ្លូវឡើង ។ វាសេដ្ឋមាណពបាននិយាយយ៉ាងនេះថា នេះឯងជា ផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិ តាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍បានសម្តែងប្រាប់ ។ ចំណែកខាងភារទ្វាជមាណព បាននិយាយ យ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់ សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវ នេះឯងដែលតារុក្ខព្រាហ្មណ៍ បានសម្តែងប្រាប់ ។ វាសេដ្ឋមាណពមិនអាច ដើម្បីញ៉ាំងភារទ្វាជមាណព ឲ្យចូលចិត្តបាន ចំណែកភារទ្វាជមាណពក៏មិន អាចដើម្បីញ៉ាំងវាសេដ្ឋមាណព ឲ្យចូលចិត្តបានដែរ ។