មហាបទានសូត្រទី ១
ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងករេរិកុដិកា ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់មកពី បិណ្ឌបាត ( បានធ្វើភត្តកិច្ចស្រេចហើយ ) ក្នុងវេលាក្រោយភត្ត ក៏អង្គុយ ប្រជុំគ្នាក្នុងសាលាសម្រាប់អង្គុយ ដែលគេធ្វើនៅជិតករេរិមណ្ឌល ហើយក៏ កើតជាធម្មីកថា គឺការនិយាយអំពីធម៌ប្រកបដោយបុព្វេនិវាសថា បុព្វេនិវាស ដូច្នេះខ្លះ បុព្វេនិវាសដូច្នេះខ្លះ ។ ព្រះមានព្រះភាគទ្រង់បានឮពាក្យចរចានេះ របស់ភិក្ខុទាំងនោះ ដោយព្រះទិព្វសោតធាតុដ៏បរិសុទ្ធ កន្លងបង់នូវសោតៈ នៃមនុស្សសាមញ្ញ ។ ទើបព្រះមានព្រះភាគទ្រង់ក្រោកអំពីអាសនៈ ទ្រង់ចូល សំដៅទៅរោងករេរិមណ្ឌល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែល គេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគគង់ស៊ប់ហើយ ទ្រង់ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយ ប្រជុំគ្នានិយាយពីរឿងអ្វី អន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយបញ្ឈប់ទៅវិញ ។ កាលបើព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុទាំងនោះក៏ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែល ខ្ញុំព្រះអង្គទាំងឡាយត្រឡប់មកពីបិណ្ឌបាត ( បានធ្វើភត្តកិច្ចស្រេចហើយ ) ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នាក្នុងរោងករេរិមណ្ឌលនេះ ក៏កើតជាធម្មីកថាប្រកបដោយបុព្វេនិវាសថា បុព្វេនិវាសដូច្នេះខ្លះ បុព្វេនិវាសដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចម្រើន នេះឯងជាអន្តរាកថាដែលខ្ញុំព្រះអង្គទាំងឡាយបញ្ឈប់ ដ្បិតព្រះមានព្រះភាគស្តេចមកដល់ ។