មហាបរិនិព្វានសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះរាជាជាធំ ក្នុងដែនមគធៈ ព្រះនាមអជាតសត្តុវេទេហីបុត្ត មានព្រះបំណងនឹងយាត្រា ទៅញាំញីដែនវជ្ជី ។ ព្រះអង្គមានព្រះបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់ អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ ( មានបំណងនឹងយាត្រាទៅជិះជាន់ ) ដែនវជ្ជី នឹងបំផ្លាញដែនវជ្ជី នឹងធ្វើដែន វជ្ជីឲ្យដល់នូវសេចក្តីវិនាស ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្តមាគធរាជ ត្រាស់ហៅវស្សការព្រាហ្មណ៍ដែលជាមហាមាត្យក្នុងដែនមគធៈថា ម្នាល ព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ចូរថ្វាយបង្គំព្រះមានព្រះភាគដោយត្បូងតាមពាក្យខ្ញុំ រួចទូលសួរអំពី សេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កម្លាំង កាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្តមាគធរាជថ្វាយបង្គំព្រះបាទាព្រះមាន ព្រះភាគដោយព្រះសិរ្ស៍ ហើយផ្តាំមកក្រាបបង្គំទូលសួរអំពីអាការមិនមាន អាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស ព្រះកាយពល និងការ គង់នៅស្រួលគ្រប់ឥរិយាបថ មួយទៀត ចូរក្រាបទូលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទអជាតសត្តុវេទេហីបុត្តមាគធរាជ មានព្រះ បំណងនឹងយាត្រាទៅញាំញីដែនវជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹង ផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាង នេះ អញ ( មានបំណងនឹងយាត្រាទៅជិះជាន់ ) ដែនវជ្ជី នឹងបំផ្លាញដែនវជ្ជី នឹងធ្វើដែនវជ្ជីឲ្យដល់នូវសេចក្តីវិនាស បុន្តែបើព្រះ