មហាសុទស្សនសូត្រទី ៤

ក្បាលទី 11 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងសាលវ័ន ដែលជាផ្លូវបត់ចូល ( ទៅកាន់ក្រុង ) របស់ពួកមល្លក្សត្រ នាចន្លោះនៃដើមសាលព្រឹក្សទាំងគូ ជិតក្រុងកុសិនារា ក្នុងកាលទៀប បរិនិព្វាន ។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏ សមគួរ ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលចំពោះព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះមានព្រះភាគ កុំបរិនិព្វាន ក្នុងនគរកុសិនារានេះ ដែលជានគរតូច នគរ ទួល ជាសាខានគរឡើយ បពិត្រព្រះអង្គដ៏ចម្រើន នគរធំៗ ឯទៀតក៏មាន ដូចយ៉ាងនគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី និងពារាណសី សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វានក្នុងនគរទាំងនុ៎ះវិញ ( ព្រោះ ) ក្នុងនគរ ទាំងនុ៎ះ មានខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតីមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជា ព្រះសរីរៈរបស់ព្រះតថាគត ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នក កុំពោលថានគរនេះ ជានគរតូច នគរទួល ជាសាខានគរយ៉ាងនេះឡើយ ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជា ទ្រង់ព្រះនាមមហាសុទស្សនៈ ជាក្សត្របានមុទ្ធាភិសេក ( ឥស្សរៈលើផែនដី ) មានមហាសមុទ្រ ទាំង ៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទ ដល់នូវ សេចក្តីមាំមួន ។ ម្នាលអានន្ទ នគរកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះបាទមហាសុទស្សនៈ ។