មហាគោវិន្ទសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ ( កន្លងបឋមយាម ) បញ្ចេញរស្មីភ្លឺច្រាល ញ៉ាំង ភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមាន ព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមក្រាបបង្គំ ទូលព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះមុខ បានទទួលក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស ។ ព្រះមានព្រះភាគបាន ត្រាស់ថា ម្នាលបញ្ចសិខៈ អ្នកចូរប្រាប់តថាគតចុះ ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ថ្ងៃមុនៗ ក្នុងតិថីទី ១៥ ដែលជា ថ្ងៃឧបោសថ ត្រូវនឹងថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយប្រជុំក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយនៅជុំវិញ ឯមហារាជទាំង ៤ អង្គ ក៏គង់ក្នុងទិស ទាំង ៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមត្រៀបត្រា វិរូឡកមហារាជ គង់ក្នុងទិសខាងត្បូង បែរ ព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ