សក្កបញ្ហាសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ( តាំងនៅ ) ជាខាងកើតនៃ ក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈក្នុងដែនមគធៈ ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តីខ្វល់ខ្វាយ កើតឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ ។ វេលានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជា អរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងទីណាហ្ន៎ ។ សក្កទេវរាជាធំជាងពួកទេវតា បានទតឃើញព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់ហៅពួកទេវតា ដែលនៅក្នុងឋាន តាវត្តិង្សមកប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគ ជាម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើត នៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែន មគធៈ ម្នាលគ្នាយើងទាំងឡាយ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅ គាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ។ ពួកទេវតាដែលឋិតនៅ ក្នុងឋានតាវត្តិង្ស ក៏ទទួលព្រះរាជឱង្ការនៃសក្កទេវរាជ ជាធំជាងពួកទេវតា ថា ព្រះករុណាថ្លៃវិសេស សេចក្តីចម្រើន ចូរមានដល់ព្រះអង្គ ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តថា ម្នាល