អគ្គញ្ញសូត្រទី ៤

ក្បាលទី 12 · ទំព័រ 64

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទរបស់មិគារមាតា ( នាងវិសាខា ) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ មានប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាសក្នុងសម្នាក់ភិក្ខុទាំងឡាយ ។ លំដាប់នោះឯង វេលាថ្ងៃរសេលោ ព្រះមានព្រះភាគទ្រង់ចេញអំពីទីសម្ងំ ហើយ ចុះអំពីប្រាសាទទៅចង្រ្កមក្នុងទីវាលត្រង់ម្លប់ប្រាសាទ ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញព្រះមានព្រះភាគ ដែលទ្រង់ចេញអំពីទីសម្ងំក្នុងវេលាថ្ងៃរសេលោ ហើយចុះអំពីប្រាសាទទៅចង្រ្កមក្នុងទីវាលត្រង់ម្លប់ប្រាសាទ លុះឃើញហើយក៏ ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញអំពីទីសម្ងំក្នុងវេលាថ្ងៃរសេលោ ហើយចុះអំពីប្រាសាទកំពុងចង្រ្កម ក្នុងទីវាលត្រង់ម្លប់ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មកយើងនឹងចូលទៅ គាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថាចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរថា អើអាវុសោ ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយក៏ដើរតាមព្រះមានព្រះភាគដែលកំពុងចង្រ្កម ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងវាសេដ្ឋសាមណេរ ថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយជាជាតិព្រាហ្មណ៍ ជាត្រកូល ព្រាហ្មណ៍ បានលះបង់ត្រកូលព្រាហ្មណ៍ ចេញចាកផ្ទះចូលមកកាន់ផ្នួស ចុះ ពួកព្រាហ្មណ៍ដ៏ប្រសើរមិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ ។ វាសេដ្ឋសាមណេរក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន