បាសាទិកសូត្រទី ៦

ក្បាលទី 12 · ទំព័រ 215

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នាអម្ពវ័នរបស់ពួកសក្យៈ ដែលមានឈ្មោះថា វេធញ្ញៈ ( អ្នកហាត់បាញ់ធ្នូ ) ក្នុងសក្កជនបទទាំងឡាយ ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែធ្វើមរណកាលហើយថ្មីៗ ក្នុងនគរបាវា ។ ព្រោះតែ និគណ្ឋនាដបុត្រនោះ ធ្វើមរណកាលទៅ ពួកនិគ្រន្ថកើតបែកគ្នាទៅជាពីរពួក កើតសេចក្តីប្រកួតប្រកាន់ កើតឈ្លោះប្រកែក ចាក់ដោតគ្នីគ្នា ដោយលំពែង មាត់ថា អ្នកមិនចេះធម្មវិន័យនេះទេ ខ្ញុំទើបចេះធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុសហើយ ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យរបស់ខ្ញុំ ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយ ប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយក្រោយ ពាក្យ ដែលគេត្រូវនិយាយក្រោយ អ្នកនិយាយមុន អ្នកបានសន្សំច្រើនតែវត្តដែល ខុសៗ ខ្ញុំលើកសេចក្តីខុសដាក់លើអ្នក អ្នកត្រូវខ្ញុំផ្ទញ់ផ្ទាល់ហើយ ដើម្បីឲ្យ ផុតអំពីវាទៈរបស់សាស្តាដទៃ បើអ្នកអង់អាច ចូរដោះខ្លួនឲ្យរួចចុះ ។ ហាក់ដូចជា សេចក្តីស្លាប់តែម្យ៉ាង ប្រព្រឹត្តទៅតាមពួកនិគ្រន្ថ ជាសិស្សរបស់នាដបុត្រ ។ ពួកគ្រហស្ថណាមានសម្លៀកបំពាក់ ដែលជាសាវ័ករបស់និគណ្ឋនាដបុត្រ ពួកគ្រហស្ថទាំងនោះ ជាអ្នកមានសេចក្តីធុញទ្រាន់ ប្រាសចាក សេចក្តីស្រឡាញ់ លែងគោរពក្នុងពួកនិគ្រន្ថ ដែលជាសិស្សរបស់នាដបុត្រ ព្រោះតែនិគណ្ឋនាដបុត្រ សម្តែងនូវធម្មវិន័យមិនល្អ ប្រកាសទុកមិនល្អ មិន មែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យដែល បុគ្គលមិនបានត្រាស់ដឹងខ្លួនឯងដោយប្រពៃ ប្រកាសទុកហើយ ទាំងមានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ