លក្ខណសូត្រទី ៧

ក្បាលទី 12 · ទំព័រ 279

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុង វេលានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាល ភិក្ខុទាំងឡាយ មហាបុរសប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការនេះ មហាបុរស ( នោះ ) រមែងមានគតិ ២ យ៉ាង មិនមែនក្រៅពី ២ យ៉ាង នេះទេ គឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិប្រកបដោយ ធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជម្នះផ្សាយអំណាច រហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈជាអ្នកមានជនបទ ដ៏មាំមួន ទ្រង់ប្រកបដោយរ័តន៍ ៧ ប្រការ ឯរ័តន៍ ៧ ប្រការ នៃស្តេចចក្រពត្តិ នោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ បរិនាយករ័តន៍ ១ រួមត្រូវជា ៧ ប្រការ ។ ព្រះរាជបុត្ររបស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ព្រះអង្គប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះ ដែល មានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមាន ទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល ៥ មិនបាច់ពឹងអាជា មិនបាច់ពឹង គ្រឿងស្រស្តាវុធឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដំបូល គឺ កិលេសបើកចេញ