សិង្គាលសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង កូនគហបតីឈ្មោះសិង្គាលកៈ ក្រោកឡើងអំពីព្រឹក មានសំពត់ ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ស្តេចទ្រង់ស្បង់ និងបាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសិង្គាលកគហបតិបុត្ត ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ កំពុងផ្គង អញ្ជលី ថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់ សួរសិង្គាលកគហបតិបុត្តដូច្នេះថា នែគហបតិបុត្ត ហេតុអ្វី ទើបអ្នកក្រោក អំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាល បិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តាំនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ហៃបា អ្នក ត្រូវតែថ្វាយបង្គំទិសទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ធ្វើ សក្ការៈ គោរព រាប់អាន បូជា នូវពាក្យរបស់បិតា បានជាក្រោកឡើងអំពី ព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គង អញ្ជលី ថ្វាយបង្គំទិសទាំងឡាយដ៏ច្រើន គឺទិសខាងកើត ។