ទសុត្តរសូត្រទី ១១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ជាមួយនឹង ភិក្ខុសង្ឃច្រើន ចំនួន ៥០០ រូប ។ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុ ទាំងឡាយ ( ដែលនៅ ) ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ ។ ភិក្ខុទាំងនោះ ឆ្លើយតបពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុបានពោលយ៉ាងនេះថា ខ្ញុំនឹងសម្តែងទសុត្តរធម៌ ជាធម៌សម្រាប់ដោះស្រាយ នូវគ្រឿងចាក់ស្រែះ គឺកិលេសទាំងអស់ ( មានអភិជ្ឈាជាដើម ) ដើម្បីបានដល់ព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃវដ្តទុក្ខ ។ ម្នាលអាវុសោទាំងឡាយ ធម៌មួយមានឧបការៈច្រើន ធម៌ មួយគួរចម្រើន ធម៌មួយគួរកំណត់ដឹង ធម៌មួយគួរលះបង់ ធម៌មួយជាចំណែក នៃសេចក្តីវិនាស ធម៌មួយជាចំណែកវិសេស ធម៌មួយត្រាស់ដឹងបានដោយក្រ ធម៌មួយគួរឲ្យកើតឡើង ធម៌មួយគួរដឹងច្បាស់ ធម៌មួយគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌មួយមានឧបការៈច្រើនតើដូចម្តេច ។ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយជាកុសល ។ នេះជាធម៌មួយដែលមានឧបការៈច្រើន ។ ធម៌មួយដែលគួរចម្រើន តើដូចម្តេច ។ កាយគតាសតិ ដែលប្រកបដោយសេចក្តីត្រេកអរ ( សេចក្តីសុខ ) នេះជាធម៌មួយដែលគួរ ចម្រើន ។ ធម៌មួយដែលគួរកំណត់ដឹង តើដូចម្តេច ។ ផស្សៈដែល ប្រកបដោយអាសវៈ ជាទីតាំងនៃឧបាទាន ។ នេះជាធម៌មួយដែលគួរកំណត់ ដឹង ។ ធម៌មួយដែលគួរលះបង់ តើដូចម្តេច ។ អស្មិមានះ គឺ សេចក្តីប្រកាន់ខ្លួន ។ នេះជាធម៌មួយដែលគួរលះបង់ ។