មូលបរិយាយសូត្រទី ១

ក្បាលទី 13 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគទ្រង់គង់ ក្រោមម្លប់សាលរាជព្រឹក្ស ក្នុងសុភគវ័ន ( ព្រៃជាទីត្រេកអរនៃជនច្រើន ) ជិតក្រុងឧក្កដ្ឋា ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងបរិយាយ ដែលជាឫសគល់ នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវធម៌នោះ ចូរ យកចិត្តទុកដាក់ដោយប្រពៃ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួល ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ ។ ( មានព្រះពុទ្ធជាដើម ) មិនឈ្លាសក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុង អរិយធម៌ គឺមិនមានអរិយធម៌ មិនឃើញនូវពួកសប្បុរសមាន ព្រះពុទ្ធជាដើម មិនឈ្លាសក្នុងសប្បុរសធម៌ មិនបានទូន្មានខ្លួនក្នុងសប្បុរសធម៌ រមែង សម្គាល់នូវផែនដីថា ជាផែនដីពិត លុះសម្គាល់នូវផែនដីថា ជាផែនដីពិតហើយក៏ រាប់អាននូវផែនដី រាប់អានក្នុងផែនដី រាប់អានថា ផែនដីពិត រាប់អានថា ផែនដីជារបស់អញ ត្រេកអរនឹងផែនដី ។ ដំណើរនោះព្រោះហេតុអ្វី ។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃផែនដីនោះមិនបាន ។ បុថុជ្ជនតែងសម្គាល់នូវទឹកថា ជាទឹកពិត លុះសម្គាល់នូវទឹកថា ជាទឹកពិត ហើយ ក៏រាប់អាននូវទឹក រាប់អានក្នុងទឹក រាប់អានថាទឹកពិត រាប់អានថា ទឹកជារបស់អញ ត្រេកអរនឹងទឹក ។ ដំណើរនោះព្រោះហេ