អដ្ឋកថា សតិប្បដ្ឋានសូត្រ ទី ៥

ក្បាលទី 13 · ទំព័រ 728

ការមកនៃពាក្យថា កុរុ សតិប្បដ្ឋានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកហើយយ៉ាងនេះ បណ្តាបទទាំងនោះ បទថា កុរូសុ វិហរតិ សេចក្តី ថា ជនបទមួយកន្លែង ជាលំនៅរបស់រាជកុមារ ដែលនៅក្នុងជនបទ ឈ្មោះ ថា កុរុ អ្នកស្រុកហៅថា កុរូ ដោយ រុឡិ សព្ទ ( សព្ទក្លាយ ) ព្រះមាន ព្រះភាគទ្រង់ប្រថាប់ត្រង់កុរុជនបទនោះ ។ ព្រះអដ្ឋកថាចារ្យទាំងឡាយ ពោលថា ក្នុងរជ្ជសម័យរបស់ព្រះបាទ មន្ធាតុរាជ មនុស្សក្នុងទ្វីប ៣ បានឮល្បីថា ដែលឈ្មោះថា ជម្ពូទ្វីប ជាទឹក ដីដែលកើតឡើងរបស់អគ្គបុគ្គល មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្តេច ចក្រពត្តិទាំងឡាយ ជាទីអភិរមឧត្តមភាព ទើបបាននាំគ្នាមកមួយអន្លើជាមួយ ស្តេចចក្រពត្តិ ឈ្មោះមន្ធាតុរាជដែលទ្រទ្រង់នូវចក្រកែវ ហើយទ្រង់យាងទៅកាន់ ទ្វីបទាំង ៤ ។ បន្ទាប់អំពីនោះមក ព្រះរាជាបានត្រាស់សួរបរិនាយកកែវថា នៅមាន ទៀតដែរឬទេ ក្នុងទីកន្លែងដែលជារមណីយដ្ឋានក្រៃលែងជាងមនុស្សលោក ។ បរិនាយកកែវបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុអ្វី ទើបទ្រង់ ត្រាស់យ៉ាងនេះ ព្រះអង្គមិនបានទតឃើញអានុភាពរបស់ព្រះចន្ទ ព្រះអាទិត្យ ទេឬ ទីកន្លែងដែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ជារមណីយដ្ឋានក្រៃលែង ជាងមនុស្សលោកនេះពិត ។ ទើបព្រះរាជាទ្រង់បញ្ជូនចក្រកែវទៅមុន ហើយទ្រង់យាងទៅក្នុងទីនោះ ។ ស្តេចចាតុម្មហារាជបានជ្រាបថា ព្រះបាទមន្ធាតុរាជយាងមកហើយ ទ្រង់ ត្រិះរិះថា ព្រះរាជាទ្រង់មានឫទ្ធិច្រើន អញមិនអាចនឹងតតាំងបានដោយការ ច្បាំងឡើយ ទើបប្រគល់រាជសម្បត្តិរបស់ខ្លួនថ្វាយ ព្រះអង្គទទួលរាជសម្បត្តិនោះហើយ បានត្រាស់សួរទៀតថា មានទៀតដែរឬ ស្ថានទីដែលជា រមណីយដ្ឋានក្រៃលែងជាងនេះ ។