អត្ថរបស់ សាធុ សព្ទ
បទថា ភិក្ខវេ ជាការត្រាស់ហៅភិក្ខុដែលនៅចំពោះព្រះភក្ត្រដដែលទៀត ដោយការឲ្យទទួលស្តាប់ ។ បទថា ទេសិស្សាមិ ជាការដាស់តឿនឲ្យដឹងថា នឹងសម្តែងធម៌ ។ អធិប្បាយទុកដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងមូលហេតុនៃធម៌ទាំងពួងដល់អ្នកទាំងឡាយ តថាគតនឹងសម្តែងទេសនា ដែលជាតួហេតុដោយន័យទី ២ ដល់ពួកអ្នក ដូច្នេះ ។ ពីរបទថា តំ សុណាថ សេចក្តីថា អ្នកទាំងឡាយចូរស្តាប់អត្ថនោះ គឺហេតុនោះ បានដល់ ទេសនានោះ ដែលតថាគតនឹងពោល ។ ពីរបទថា សាធុកំ សាធុ ក្នុង បទថា សាធុកំ មនសិករោថ ដូច្នេះ ក៏មានអត្ថដូចគ្នា ។ ម្យ៉ាងទៀត សាធុ សព្ទនេះ ប្រើក្នុងបទទាំងឡាយថា អាយាចន គឺ អង្វរ សម្បដិច្ឆន្ន គឺទទួល សម្បហំសន គឺការត្រេកអរ សុន្ទរ គឺល្អ និង ទឡីកម្ម គឺធ្វើឲ្យមាំ អធិប្បាយថា សាធុ សព្ទ ប្រើក្នុងអត្ថថា អង្វរ ដូច ក្នុងប្រយោគជាដើមថា សាធុ មេ ភន្តេ ភគវា សង្ខិត្តេន ធម្មំ ទេសេតុ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគសម្តែងធម៌ ដោយសង្ខេប ប្រោសខ្ញុំព្រះអង្គ ដូច្នេះ ។ ប្រើក្នុងអត្ថថា ទទួល ដូចក្នុងប្រយោគជាដើមថា សាធុ ភន្តេតិ ខោ សោ ភិក្ខុ ភគវតោ ភាសិតំ អភិនន្ទិត្វា អនុមោទិត្វា ភិក្ខុនោះត្រេកអរ រីករាយនឹងសុភាសិតរបស់ព្រះមានព្រះភាគថា ពីរោះហើយព្រះអង្គដូច្នេះ ។ ប្រើក្នុងអត្ថថា ត្រេកអរ ដូចក្នុងប្រយោគជាដើមថា សាធុ សាធុ សារីបុត្តា ប្រពៃណាស់ ប្រពៃណាស់ សារីបុត្រ ដូច្នេះ ។