វិនយ ២ យ៉ាង
ព្រោះហេតុនោះ ការឃើញដោយចក្ខុ មិនឈ្មោះថា ឃើញ ការឃើញ ដោយញាណបុណ្ណោះ ឈ្មោះថា ឃើញ សមដូចព្រះពុទ្ធអង្គត្រាស់ថា ម្នាលវក្កលិ ប្រយោជន៍អ្វីដោយកាយដែលជារបស់ស្អុយនេះ ដែលអ្នកឃើញ ហើយ ម្នាលវក្កលិ ប្រយោជន៍អ្វីដោយកាយសម្ហុយ ដែលអ្នកឃើញហើយ នេះ ម្នាលវក្កលិ បុគ្គលណាមួយឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញ តថាគត ដូច្នេះ ។ ព្រោះដូច្នោះ បុគ្គលសូម្បីឃើញ ( នូវព្រះអរិយៈ ) ដោយចក្ខុ តែមិន ឃើញអនិច្ចលក្ខណៈជាដើម ដែលព្រះអរិយៈទាំងឡាយឃើញហើយដោយ ញាណ និងមិនសម្រេចធម៌ដែលព្រះអរិយៈសម្រេចហើយ គប្បីជ្រាបថា មិន ឃើញព្រះអរិយៈទាំងឡាយ ព្រោះធម៌ដែលធ្វើឲ្យជាព្រះអរិយៈ និងភាពជា ព្រះអរិយៈ បុគ្គលនោះមិនទាន់ឃើញ ដូច្នេះ ។ ពីរបទថា អរិយធម្មស្ស អកោវិទោ សេចក្តីថា មិនឈ្លាសក្នុងអរិយធម៌ ដែលចែកជាសតិប្បដ្ឋានជាដើម ។ ឈ្មោះថា វិន័យ មាន ២ យ៉ាង ក្នុងម្យ៉ាងៗ មាន ៥ ប្រភេទ ព្រោះ ការមិនមានវិន័យទាំង ២ នោះ លោកហៅថា អវិនីត ក្នុងពាក្យថា អរិយធម្មេ អវិនីតោ នេះ ។ វិន័យ ២ យ៉ាង ពិតហើយ វិន័យនេះ មាន ២ យ៉ាង គឺសំវរវិន័យ ១ បហានវិន័យ ១ ។ វិន័យ ១ ក្នុងវិន័យទាំង ២ នេះ ចែកចេញជា ៥ ។ ពិតហើយ សូម្បី សំវរវិន័យ មាន ៥ គឺសីលសំវរៈ សតិសំវរៈ ញាណសំវរៈ ខន្តិសំវរៈ និងវីរិយសំវរៈ ។ សូម្បីបហានសំវរៈ មាន ៥ យ៉ាងដូចគ្នា គឺតទង្គប្បហាន វិក្ខម្ភនប្បហាន សមុច្ឆេទប្បហាន បដិបស្សទ្ធិប្បហាន និងនិស្សរណប្បហាន។ សំវរវិន័យ ៥ យ៉ាងនោះ សំវរៈដែលត្រាស់ថា ភិក្ខុចូលដល់ដោយ បាតិមោក្ខសំវរៈ នេះហៅថា សីលសំវរៈ ។