អធិប្បាយ ភូត សព្ទ
មានព្រះភាគកាលត្រាស់ការសម្គាល់ ដែលមានសង្ខារជាទីតាំង ដោយមាន រូបជាប្រធានយ៉ាងនេះហើយ ឥឡូវនេះ សត្វទាំងឡាយពួកណា ត្រូវបញ្ញត្ត ឡើងព្រោះអាស្រ័យសង្ខារទាំងឡាយ ព្រោះបុថុជ្ជនធ្វើការសម្គាល់ក្នុងសត្វ ទាំងឡាយនោះ ដូច្នោះ កាលចង្អុលបង្ហាញសត្វទាំងនោះ ទើបត្រាស់ថា ឈ្មោះថា សម្គាល់នូវពួកសត្វ ( ភូត ) ថាជាសត្វពិត។ ក្នុងពាក្យនោះ ភូត សព្ទនេះ ប្រើក្នុងអត្ថជាដើមថា ខន្ធ ៥ អមនុស្ស ធាតុ មានពិត ព្រះខីណាស្រព សត្វ និងដើមឈើ ។ ពិតហើយ ភូត សព្ទនេះ ប្រើក្នុងអត្ថថា ខន្ធ ៥ ដូចក្នុងប្រយោគជាដើម ថា ភូតមិនទន្តិ ភិក្ខវេ សមនុបស្សថ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវខន្ធបញ្ចកៈនេះ ដែលកើតឡើងហើយឬទេ ។ ប្រើក្នុងអត្ថថា អមនុស្ស ដូចក្នុងប្រយោគជាដើមថា យានីធ ភូតានិ សមាគតានិ ពួកភូតណា ដែលមកជួបជុំក្នុងទីនេះ ដូច្នេះ ។ ប្រើក្នុងអត្ថថា ធាតុ ៤ ដូចក្នុងប្រយោគនេះថា ចត្តារោ ខោ ភិក្ខុ មហាភូតា ហេតុ ម្នាលភិក្ខុ មហាភូតទាំង ៤ ជាហេតុ មហាភូតទាំង ៤ ជាបច្ច័យ ដូច្នេះជាដើម ។ ប្រើក្នុងអត្ថថា មានពិត ដូចក្នុងប្រយោគជាដើម ភូតស្មឹ បចិត្តិយំ ភិក្ខុណាមួយ ប្រាប់ឧត្តរិមនុស្សធម្មដល់អនុបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឧត្តរិមនុស្សធម្មនោះ ភិក្ខុមានពិតមែន ។ ប្រើក្នុងអត្ថថា ព្រះខីណាស្រព ដូចក្នុងប្រយោគជាដើមថា យោ ច កាលឃសោ ភូតោ បុគ្គលណា ជាអ្នកទំពាស៊ីនូវពេលវេលា ដូច្នេះ ។ ប្រើក្នុងអត្ថថា សត្វ ដូចក្នុងប្រយោគជាដើមថា សព្វេវ និក្ខិបិស្សន្តិ ភូតា លោកេ សមនុស្សយំ សត្វទាំងឡាយនេះឯង តែងលះបង់រាងកាយ ទុកក្នុងលោក ដូច្នេះ ។