អំពីទេវបុត្តមារ

ក្បាលទី 13 · ទំព័រ 93

ទេពទាំងនោះ មាន ៣ ពួក គឺសម្មតិទេព ឧបបត្តិទេព និងវិសុទ្ធិទេព ។ ព្រះរាជា ព្រះមហេសី និងព្រះរាជកុមារ ឈ្មោះថា សម្មតិទេព ទេពដែលខ្ពស់ជាងនោះ តាំងអំពីទេវតាជាន់ចាតុម្មហារាជ ឈ្មោះ ថា ឧបបត្តិទេព ។ ព្រះអរហន្តខីណាស្រពទាំងឡាយ ឈ្មោះថា វិសុទ្ធិទេព ។ តែក្នុងទីនេះ គប្បីឃើញថា លោកបំណងយកឧបបត្តិទេព ។ ឧបបត្តិទេព ទាំងនោះ នឹងឃើញថា មិនប្លែកគ្នាឡើយ គឺវៀរមារ មួយអន្លើដោយបរិស័ទ ក្នុងទេវលោក ជាន់បរនិម្មិតវសវត្តីចេញ ទេវតាកាមាវចរដ៏សេស ៦ ជាន់ លោកបំណងយកថា ជា ទេវ ក្នុងទីនេះ ។ ពណ៌នាអត្ថទាំងអស់ ក្នុង សេចក្តីនោះ គប្បីជ្រាបដោយន័យដែលពោលហើយក្នុងភូតវារៈនោះឯង ។ ក្នុងបទថា បជាបតឹ នេះ មារគប្បីជ្រាបថាជា បជាបតិ ។ តែអាចារ្យ ពួកខ្លះពោលថា ពាក្យថា បជាបតិនេះ ជាឈ្មោះរបស់ទេវមហារាជជាដើម ដែលជាធំជាងទេវតានោះៗ ។ ពាក្យនោះលោកបដិសេធទុកក្នុងមហាអដ្ឋកថា ថាមិនត្រឹមត្រូវ ព្រោះមហារាជជាដើមនោះ លោកកាន់យកដោយ ទេវ សព្ទ នោះឯង ។ ឯមារនោះឯង លោកបំណងយកថា ជាបជាបតិក្នុងទីនេះ ដោយ ភាពជាធំជាងបជា ពោល គឺពួកសត្វ ។ សួរថា មារនោះ រមែងនៅក្នុងទីណា ឆ្លើយថា រមែងនៅក្នុងទេវលោក ជាន់បរនិម្មិតវសវត្តី ។ ពិតហើយ មារវសវត្តីគ្រងរាជ្យនៅក្នុងទេវលោកនោះ ។ អាចារ្យពួក ខ្លះពោលថា មារប្រថាប់គ្រប់គ្រងភាពជាធំក្នុងបរិស័ទរបស់ខ្លួន ក្នុងមួយ ចំណែករបស់ទេវលោកនោះ ដូចរាជឱរសរបស់ព្រះរាជាដ៏រុងរឿង ប្រថាប់ នៅក្នុងចុងដែននៃរាជាណាចក្រ ដូច្នោះ ។