អធិប្បាយ ពាក្យថា តថាគត

ក្បាលទី 13 · ទំព័រ 121

ម្យ៉ាងទៀត លោកឈ្មោះថា ប្រាសចាករាគៈ ព្រោះរាគៈអស់ទៅ ព្រោះ លោកកំណត់ដឹងនូវឥដ្ឋារម្មណ៍ ឈ្មោះថា ប្រាសចាកទោសៈ ព្រោះទោសៈ អស់ទៅ ដោយលោកកំណត់ដឹងអនិដ្ឋារម្មណ៍ ឈ្មោះថា ប្រាសចាកមោហៈ ព្រោះមោហៈអស់ទៅ ដោយលោកកំណត់ដឹងនូវមជ្ឈត្តារម្មណ៍ ។ ម្យ៉ាងទៀត លោកឈ្មោះថា ប្រាសចាករាគៈ ព្រោះរាគៈអស់ទៅ ព្រោះលោកដករាគានុស័យក្នុងសុខវេទនាចេញបាន ឈ្មោះថា ប្រាសចាកទោសៈ និងប្រាសចាក មោហៈ លោកដកបដិឃានុស័យ និងមោហានុស័យ ក្នុងទុក្ខវេទនា និង ឧបេក្ខាវេទនាចេញបានដូច្នេះឯង ដូច្នោះ ព្រះមានព្រះភាគកាលទ្រង់សម្តែង ការផ្សេងគ្នានោះ ទើបត្រាស់ថា ខយា រាគស្ស វីតរាគត្តា ។ បេ ។ ខយា មោហស្ស វីតមោហត្តា ដូច្នេះ ។ ពោលដោយន័យទី ៣-៤-៥-៦ ដោយអំណាចអរិយបុគ្គល ចប់ អធិប្បាយ ពាក្យថា តថាគត ព្រះមានព្រះភាគ កាលទ្រង់សម្តែងការប្រព្រឹត្តទៅរបស់ព្រះខីណា ស្រព ក្នុងវត្ថុធាតុទាំងឡាយ មានបឋវីជាដើមយ៉ាងនេះហើយ ឥឡូវនេះ កាលទ្រង់សម្តែងការប្រព្រឹត្តទៅរបស់ព្រះអង្គឯង ទើបត្រាស់បទថា តថាគតោបិ ភិក្ខវេ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា តថាគតោ មានវិនិច្ឆ័យដូច្នេះ ព្រះមានព្រះភាគ លោកហៅថា តថាគត ដោយហេតុ ៨ យ៉ាង គឺហៅថា តថាគត ព្រោះ អត្ថថា ទ្រង់មកហើយយ៉ាងនោះ ១ ហៅថា តថាគត ព្រោះអត្ថថា ទ្រង់ទៅ ហើយយ៉ាងនោះ ១ ហៅថា តថាគត ព្រោះអត្ថថា ទ្រង់មកកាន់លក្ខណៈដ៏ ពិត ១ ហៅថា តថាគត ព្រោះអត្ថថា ត្រាស់ដឹងព្រមចំពោះនូវធម៌ដែលពិត តាមសេចក្តីពិត ១ ហៅថា តថាគត ព្រោះទ្រង់ឃើញពិត ១ ហៅថា តថាគត ព្រោះត្រាស់វាចាពិត ១ ហៅថា តថាគត ព្រោះទ្រង់ធ្វើពិត ១ ហៅថា តថាគត ព្រោះអត្ថថា គ្របសង្កត់ ១ ។