អធិប្បាយ ពាក្យថា នន្ទិ ទុក្ខស្ស មូលំ

ក្បាលទី 13 · ទំព័រ 139

ហើយ អធិប្បាយថា ទ្រង់ដឹងដោយមិនមានអ្វីសេសសល់ ។ ពិតហើយ ព្រះពុទ្ធទាំងឡាយ មួយអន្លើដោយសាវ័ក មិនមានការផ្សេង គ្នាក្នុងការលះកិលេស ដោយមគ្គនោះៗ ក៏ពិត ទោះយ៉ាងនោះ ក៏មានការ ផ្សេងគ្នាក្នុងបរិញ្ញា គឺការកំណត់ដឹង ព្រោះថា ពួកសាវ័កពិចារណាធាតុ ៤ ត្រឹមតែចំណែកខ្លះបុណ្ណោះ ក៏សម្រេចនិព្វានបាន តែសម្រាប់ព្រះពុទ្ធទាំងឡាយ សង្ខារសូម្បីមានប្រមាណតិច ដែលមិនបានឃើញ មិនបានត្រិះរិះ មិនបាន ពិចារណា មិនបានធ្វើឲ្យជាក់ច្បាស់ដោយព្រះញាណ រមែងមិនមាន ។ ចំណែកវារៈពោលដោយនិព្វាន គឺវារៈជាដើមថា នន្ទិ ជាបឫសគល់នៃ ទុក្ខនេះ ដែលព្រះពុទ្ធត្រាស់ទុក្ខហើយ វារៈនោះ គួរពង្រីកសេចក្តីឲ្យពិស្តារ ក្នុងវារៈពោលដោយបឋវីធាតុជាដើម ។ វារៈនេះជាវារៈពោលដោយវត្ថុដែល ទ្រង់កំណត់ដឹង និងកាលពង្រីកឲ្យពិស្តារចេញទៅ វារៈឈ្មោះថា បរិញ្ញាតន្តំ តថាគតស្ស គួរប្រកបចូលជាមួយគ្រប់បទ ( ទាំង ) ពាក្យថា នន្ទិ ជា ឫសគល់នៃទុក្ខជាដើម ក៏គួរប្រកបចូលមកទៀត ។ ឯទេសនា ព្រះមានព្រះភាគ ទ្រង់សង្ខេបទុកដោយទ្រង់សម្គាល់ថា វត្ថុ ( ដែលជាទីតាំងនៃការ សម្គាល់ ) ក៏លោកពោលទុកគ្រប់បទនោះឯង ។ អធិប្បាយ ពាក្យថា នន្ទិ ទុក្ខស្ស មូលំ ម្យ៉ាងទៀត ក្នុងបទថា នន្ទិ ទុក្ខស្ស មូលំ ជាដើម គប្បីជ្រាប អធិប្បាយដូចតទៅនេះថា បទថា នន្ទិ បានដល់ តណ្ហាដែលកើតដំបូង ។ បទថា ទុក្ខំ បានដល់ បញ្ចក្ខន្ធ ។ បទថា មូលំ បានដល់ ឫសគល់ ។ បទថា ឥតិ វិទិត្វា សេចក្តីថា ព្រោះទ្រង់ជ្រាបនន្ទិក្នុងភពដំបូងយ៉ាងនេះថា ជាឫសគល់នៃទុក្ខនេះ បទថា ភវា បានដល់ កម្មភព ។ បទថា ជាតិ បានដល់ វិបាកក្ខន្ធ ។ ពិតហើយ វិបាកក្ខន្ធទាំងនោះ ព្រោះហេតុដែលកើតដូច្នោះ ទើបត្រាស់ហៅថា ជាតិ ។