អដ្ឋកថា សព្វាសវសូត្រទី ២

ក្បាលទី 13 · ទំព័រ 170

អធិប្បាយ ទីមកនៃពាក្យថា សាវត្ថី និងជេតវន សព្វាសវសំវរសូត្រ មានពាក្យផ្តើមថា ខ្ញុំបានស្តាប់មកហើយ យ៉ាងនេះ ។ បេ ។ ក្រុងសាវត្ថី ។ ក្នុងសព្វាសវសំវរសូត្រនេះ មានអដ្ឋកថាពោលតាមលំដាប់បទដូចតទៅ នេះ អ្នកអក្ខរស្រាស្តពិចារណាទុកយ៉ាងនេះជាបឋម បទថា សាវត្ថី គឺព្រះនគរ ដែលជាលំនៅរបស់ឥសី ឈ្មោះ សវត្ថ ដូចបទថា កាកន្ទី មាកន្ទី ដូច្នោះ ។ ឯអដ្ឋកថាចារ្យទាំងឡាយពោលទុកថា វត្ថុជាគ្រឿងឧបភោគ និង បរិភោគរបស់មនុស្សគ្រប់យ៉ាង មាននៅក្នុងនគរនេះ ដូច្នោះ ទើបនគរនេះ ឈ្មោះថា សាវត្ថី ។ ក្នុងកាលកាន់យកពាក្យថា សត្ថ មកសង្គ្រោះទុកផង ទើបឈ្មោះថា សាវត្ថី ព្រោះអាស្រ័យហេតុដែលត្រូវសួរថា មានរបស់អ្វីខ្លះ ក៏ឆ្លើយថា មានសព្វបែបយ៉ាង ។ គ្រឿងឧបភោគបរិភោគគ្រប់យ៉ាង មកប្រជុំគ្នាក្នុងនគរសាវត្ថីសព្វវេលា ដូច្នោះ លោកសំដៅយកការសម្បូរដោយគ្រឿងឧបភោគ បរិភោគគ្រប់យ៉ាង ទើបហៅថានគរនោះថា សាវត្ថី ។ នេះជានគររបស់អ្នកកោសល គួរសរសើរ គួររីករាយ គួរត្រេកអរ អឺងកងទៅដោយសំឡេង ១០ ប្រការ ជាក្រុងសម្បូរ បាយ សម្បូរទឹក ។ ជាក្រុងដល់នូវការចម្រើនបរិបូណ៌ មាំទាំ ទូលំទូលាយ គួរសរសើរ និងឧត្តម សម្បូរដូចទេវបុរី ឈ្មោះអាលកមន្ទា ។ ក្នុងក្រុងសាវត្ថី នោះ ។ ក្នុងបទថា ជេតវនេ អធិប្បាយថា ព្រះរាជកុមារឈ្មោះថា ជេត ព្រោះ ទ្រង់ច្បាំងឈ្នះសត្រូវរបស់ព្រះអង្គ ឬព្រោះប្រសូតក្នុងពេលដែលព្រះបិតា មានជ័យជម្នះចំពោះសត្រូវរបស់ព្រះអង្គ ។ ម្យ៉ាងទៀត ទ្រង់ព្រះនាមថា ជេត ព្រោះព្រះនាមយ៉ាងនេះ ព្រះជនក ព្រះជននី ទ្រង់តាំងឲ្យ ដើម្បីជាសិរីមង្គល ព្រះរាជឧទ្យានរបស់ព្រះរាជកុមារជេត ឈ្មោះថា ជេតវន ។