មត៌ក ២ យ៉ាង
សូត្រនេះទុក ក៏ព្រោះមានរឿងយ៉ាងនេះកើតឡើង ។ ក្នុងព្រះសូត្រនោះ ព្រះតម្រាស់ដែលត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជា មត៌កឡើយ ដូច្នេះ ។ មានពាក្យអធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នក ទាំងឡាយ ជាទាយាទនៃធម៌របស់តថាគតចុះ កុំជាទាយាទនៃអាមិសឡើយ គឺធម៌របស់តថាគតឯណា ចូរអ្នកទាំងឡាយ ជាអ្នកទទួលនូវធម៌នេះចុះ ឯ តថាគតមានអាមិសណា ចូរអ្នកទាំងឡាយ កុំទទួលនូវអាមិសនោះឡើយ ។ ក្នុងព្រះតម្រាស់នោះ ធម៌មាន ២ យ៉ាង គឺនិប្បរិយាយធម៌ ១ បរិយាយ ធម៌ ១ ឯអាមិសក៏មាន ២ យ៉ាង គឺនិប្បរិយាយអាមិស ១ បរិយាយ អាមិស ១ ។ ធម៌ក្តី អាមិសនោះក្តី មានអធិប្បាយដូចម្តេច ។ មានអធិប្បាយថា លោកុត្តរធម៌ទាំង ៩ ដែលចែកប្រភេទជាមគ្គ ៤ ផល ៤ និព្វាន ១ ឈ្មោះថា និប្បរិយាយធម៌ គឺធម៌ដែលអ្នកបដិបត្តិឲ្យកើតឡើង នោះឯង មិនមែនជាធម៌ដោយបរិយាយ គឺ ដោយអម ដោយហេតុ ឬ ដោយលេសណាមួយឡើយ ។ ឯកុសលដែលអាស្រ័យវិវដ្តៈ គឺ និព្វាននេះ ដូចជាបុគ្គលពួកខ្លះក្នុងលោកនេះ ប្រាថ្នានូវវិវដ្តៈ ទើបឲ្យទាន សមាទានសីល រក្សាឧបោសថ ធ្វើការបូជាព្រះរតនត្រ័យ ដោយសក្ការៈទាំងឡាយ មាន គ្រឿងក្រអូប និងផ្កាកម្រងជាដើម ស្តាប់ធម៌ និងសម្តែងធម៌ ធ្វើឈាន និង សមាបត្តិឲ្យកើតឡើង បុគ្គលនោះធ្វើយ៉ាងនេះ រមែងបាននិប្បរិយាយធម៌ គឺ អមតនិព្វានដោយលំដាប់ ។ ធម៌ដូចពោលមកនេះឯង ឈ្មោះថា ធម្មបរិយាយ ។ បច្ច័យ ៤ មានចីវរជាដើម ក៏ទំនងនេះ ឈ្មោះថា អាមិសនិប្បរិយាយ ដោយពិត មិនមែនជាអាមិសព្រោះបរិយាយដទៃឡើយ ឬព្រោះ កិលេសដទៃឡើយ ឯកុសលដែលនាំទៅកាន់វដ្តៈនេះ ដូចជាបុគ្គលពួកខ្លះក្នុង លោកនេះ ប្រាថ្នាវដ្តៈ ប្រាថ្នាភពដែលមានសម្បត្តិ ទើបឲ្យទាន ។