អត្ថរបស់ វុត្ត សព្ទ

ក្បាលទី 13 · ទំព័រ 261

ដើម្បីអនុរក្សសត្វមានជីវិតដូចពោលមកនេះឯង ទើបព្រះមានព្រះភាគត្រាស់ទុក យ៉ាងនេះ ។ បទថា ឱបិឡាបេស្សាមិ ប្រែថា ចាក់ចោល សេចក្តីថា នឹងឲ្យលិចចុះ ។ បទថា តត្ថេកស្ស សេចក្តីថា ក្នុងបណ្តាភិក្ខុ ២ រូបនោះ មួយរូបមាន ការគិតយ៉ាងនេះថា … តែព្រះមានព្រះភាគ ទ្រង់ត្រាស់សំដៅយកភិក្ខុរូបនោះ គឺភិក្ខុដែលតាំងចិត្តស្តាប់ធម្មទេសនានេះហើយ បង្អោននឹកដល់រឿយៗ ។ ក្នុងបទថា វុត្តំ ខោ បនេតំ អធិប្បាយថា វុត្ត សព្ទនេះ ប្រើក្នុងអត្ថ ផ្សេងៗ គឺប្រើក្នុងអត្ថថា កោរសក់ ដូចក្នុងប្រយោគជាដើមថា កាបទិកោ នាម មាណវោ ទហរោ វុត្តសិរោ មាណពកំលោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ ១ ។ ប្រើក្នុងអត្ថថា ដាំបណ្តុះ ដូចក្នុងប្រយោគជាដើមថា យថា សារទិកំ វីជំ ខេត្តេ វុត្តំ វិរូហតិ ពូជក្នុងសរទកាល ( រដូវរំហើយ ) ដែលគេព្រោះ ក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ ១ ។ ប្រើក្នុងអត្ថថា ពោល ដូចក្នុងប្រយោគជាដើមថា វុត្តមិទំ ភគវតា វុត្តមិទំ អរហតា ពាក្យនេះ ព្រះមានព្រះភាគ ជាព្រះអរហន្តពោលទុក ហើយ ១ ។ តែក្នុងទីនេះ អ្នកសិក្សាគប្បីឃើញថា ប្រើក្នុងអត្ថថា ពោល ។ ពាក្យ ថា វុត្តំ ខោ បនេតំ នោះ មានអធិប្បាយដូច្នេះថា កថិតំ ខោ បនេតំ ប្រែ ថា ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះទុកហើយថា ។ បទថា អាមិសញ្ញតរំ សេចក្តីថា អាមិស គឺបច្ច័យណាមួយ បណ្តា អាមិស គឺបច្ច័យ ៤ អធិប្បាយថា អាមិស គឺបច្ច័យណាមួយ ។ បទថា យទិទំ ជានិបាត មានរូបដូច្នោះនោះឯងក្នុងគ្រប់លិង្គ វិភត្តិ និង គ្រប់វចនៈ អ្នកសិក្សាគប្បីជ្រាបប្រើឲ្យត្រូវតាមអត្ថក្នុងលិង្គ វិភត្តិ និងវចនៈ នោះៗ ។