អត្ថរបស់ ឋាន សព្ទ

ក្បាលទី 13 · ទំព័រ 279

កាលព្រះថេរៈពោលកំណត់ពិតប្រាកដយ៉ាងនេះថា ថេរា គឺ ព្រះថេរៈ នវា គឺភិក្ខុថ្មី មជ្ឈិមា គឺភិក្ខុជាកណ្តាល ភិក្ខុទាំងនោះនាំគ្នាធ្វើការអើពើថា រឿង នេះព្រះថេរៈពោលចំពោះពួកយើង ។ ឆ្លើយថា ឧបមាដូចកាលពួករាជអមាត្យប្រាប់ប្រជាជនថា ត្រូវជួយគ្នា សំអាតផ្លូវក្នុងក្រុង មហាជនសង្ស័យថា នរណានឹងត្រូវធ្វើការសម្ហាត ហើយ មិនមានបុគ្គលណាមួយចាប់ផ្តើមធ្វើការសម្ហាត លុះតែវាយស្គរប្រកាសថា មហាជនត្រូវធ្វើការសម្ហាតទ្វារផ្ទះរៀងៗ ខ្លួន អ្នកស្រុកទាំងអស់ ក៏នាំគ្នាធ្វើ ការសម្ហាត និងតុបតែងលម្អឲ្យស្រស់ស្អាត ដោយប្រើវេលាត្រឹមមួយសន្ទុះ យ៉ាងណា ឧបមេយ្យក៏គប្បីជ្រាបដូច្នោះ ។ បណ្តាបទទាំងនោះ បទថា តត្រ បានដល់ តេសុ យោគជា សាវកេសុ ប្រែថា បណ្តាសាវ័កទាំងនោះ ។ ភិក្ខុទាំងឡាយដែលហៅថា ជាព្រះថេរៈ ព្រោះសំដៅយកភិក្ខុដែលមាន វស្សា ១០ ឡើងទៅ ។ អត្ថរបស់ ឋាន សព្ទ បទថា តីហិ ឋានេហិ បានដល់ ដោយហេតុ ៣ យ៉ាង ។ ឋាន សព្ទនេះ ប្រើក្នុងអត្ថថា តំណែង ទិសដៅ ទីតាំងនៅ ទីស្ថិតនៅ ខណៈ និងហេតុ ។ ឋាន សព្ទ ប្រើក្នុងអត្ថថា តំណែង ដូចក្នុងប្រយោគជាដើមថា កឹ បនាយស្មា ទេវានមិន្ទោ កម្មំ កត្វា ឥមំ ឋានំ បត្តោ សក្កទេវរាជ ស្តេចទេវតានេះ ធ្វើកម្មអ្វីទុក ទើបបានទទួលតំណែងនេះ ។ ឋាន សព្ទ ប្រើក្នុងអត្ថថា ទិសដៅ ដូចក្នុងប្រយោគជាដើមថា ឋានកុសលោ ហោតិ អក្ខណវេធី បុគ្គលឈ្លាសក្នុងទិសដៅ ជាអ្នកបាញ់ទាន់ ផ្លេកបន្ទោរ ។ ឋាន សព្ទ ប្រើក្នុងអត្ថថា ខណៈ ដូចក្នុងប្រយោគជាដើមថា ឋានសោវេតំ តថាគតំ បដិភាតិ ពាក្យនេះជាក់ច្បាស់ចំពោះព្រះមានព្រះភាគ ដោយខណៈ គឺដោយឆាប់រហ័ស ។