កុលបុត្ត ២ ពួក

ក្បាលទី 13 · ទំព័រ 322

សម្លឹងមើល ក៏ត្រូវអើតកដើម្បីមើល ព្រោះហេតុនោះ ទើបព្រាហ្មណ៍នោះ អង្គុយវៀរទោសនៃការអង្គុយ ៦ យ៉ាងនេះចេញ ព្រោះហេតុនោះ ទើប លោកពោលថា ព្រាហ្មណ៍អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង ។ បទថា យេមេ កាត់បទជា យេ ឥមេ ប្រែថា កុលបុត្រទាំងនេះ ។ បទថា កុលបុត្តា បានដល់ កុលបុត្រ ២ ពួក គឺ កុលបុត្រដោយ កំណើត ១ កុលបុត្រដោយអាចារៈ ១ ។ ក្នុងកុលបុត្រ ២ ពួកនោះ កុលបុត្រដែលកើតក្នុងត្រកូលខ្ពស់ ដែលមានទីមកយ៉ាងនេះថា សម័យនោះឯង កុលបុត្រឈ្មោះរដ្ឋបាល ជាកូនប្រុសរបស់អគ្គកុលិកសេដ្ឋី ក្នុងថុល្លកោដ្ឋិតគ្រាមនោះឯង នេះឈ្មោះថា កុលបុត្រដោយកំណើត ។ ចំណែកកុលបុត្រ ដែលកើតក្នុងត្រកូលណាក៏ដោយ ជាបុគ្គលដល់ព្រមដោយអាចារៈ ដែល មានទីមកយ៉ាងនេះថា កុលបុត្រពួកណា ចេញអំពីផ្ទះ បួសជាអនាគារិកដោយ សទ្ធា ដូច្នេះ ឈ្មោះថា កុលបុត្រដោយអាចារៈ ។ តែក្នុងទីនេះ លោកបំណង យកកុលបុត្រដោយហេតុទាំង ២ យ៉ាងនោះ ។ បទថា សទ្ធា ប្រែថា ដោយសទ្ធា ។ បទថា អគារស្មា ប្រែថា ចាកផ្ទះ ។ បទថា អនគារិយំ បានដល់ បព្វជ្ជា និងឧបសម្បទា ។ ព្រោះថា បព្វជ្ជាក៏ឈ្មោះថា អនគារិយា ព្រោះក្នុងបព្វជ្ជានេះ មិនមានការងារដែល ឧបការៈដល់ការគ្រប់គ្រងផ្ទះ អធិប្បាយថា ក្នុងបណ្តាបព្វជ្ជានេះ មិនមាន កសិកម្ម និងគោរក្ខកម្មជាដើម ដែលឧបការៈដល់ការគ្រប់គ្រងផ្ទះ ។ ឯភិក្ខុ ឈ្មោះថា អនាគារ ព្រោះលោកមិនមានផ្ទះ ។ ភាវៈនៃការមិនមានផ្ទះ ឈ្មោះ ថា អនគារិយ ។ បទថា បព្វជិតា ប្រែថា ចូលដល់ អធិប្បាយថា ចូលដល់បព្វជ្ជា និង ភិក្ខុភាវៈ ពោល គឺការងារដែលមិនឧបការៈដល់ការគ្រប់គ្រងផ្ទះ ដោយ ប្រការទាំងពួង ដូចពណ៌នាមក ដូច្នេះ ។