កាយកម្មកថា

ក្បាលទី 13 · ទំព័រ 327

គ្រានោះ ព្រះមានព្រះភាគ កាលទ្រង់ទទួល និងអនុមោទនាវាចារបស់ព្រាហ្មណ៍នោះ ដោយព្រះតម្រាស់ជាដើមថា ឯវមេតំ ព្រាហ្មណ តាមន័យដំបូងនោះឯងហើយ ទើបបានត្រាស់ពាក្យជាដើមថា មយ្ញំបិ ខោ ដើម្បីទ្រង់សម្តែងថា សេនាសនៈប្រភេទនោះ ក៏ជាសេនាសនៈដែលនៅបាន លំបាក សម្រាប់ព្រះអង្គឯង ព្រោះសេនាសនៈប្រភេទនោះ ជាលំនៅលំបាក សម្រាប់ភិក្ខុទាំងឡាយដែលត្រូវអារម្មណ៍ចោមរោម ព្រោះហេតុ ១៦ យ៉ាង តែមិនជាទីនៅលំបាកសម្រាប់ពួកភិក្ខុ ដែលប្រកបដោយការសង្កត់សង្កិន អារម្មណ៍បាន ព្រោះហេតុទាំងនោះហើយ ព្រះអង្គឯងនឹងជាព្រះពោធិសត្វ ក៏ ទ្រង់នៅក្នុងឋានៈដូច្នោះ ។ បទថា បុព្វេវ សម្ពោធា សេចក្តីថា ក្នុងកាលមុនអំពីការត្រាស់ដឹង អធិប្បាយថា ក្នុងវេលាដទៃ ក្រៅអំពីវេលាដែលអរិយមគ្គកើតឡើងនោះ ឯង ។ បទថា អនភិសម្ពុទ្ធស្ស បានដល់ មិនទាន់បានត្រាស់ដឹងអរិយសច្ច ៤ ។ បទថា ពោធិសត្តស្សេវ សតោ ប្រែថា សត្វដែលនឹងត្រាស់ដឹង គឺ សត្វដែលគួរសម្រេចព្រះសម្មាសម្ពោធិញ្ញាណ ម្យ៉ាងទៀត ដោយអត្ថថា សត្វដែលជាប់ជំពាក់ គឺជាប់ក្នុងពោធិញ្ញាណ ។ ព្រោះថា ចាប់ផ្តើមតាំងអំពីអភិនីហារសម្រេចដោយសមោធានធម៌ ៨ ប្រការ ទៀបបាទមូលនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមថា ទីបង្ករ ព្រះតថាគត ដែលជាព្រះពោធិសត្វ ឬជាសត្វដែលជាប់ជំពាក់ថា ពោធិញ្ញាណនេះ អញ ត្រូវត្រាស់ដឹងឲ្យបាន មិនលះបង់សេចក្តីព្យាយាម ដើម្បីសម្រេចពោធិញ្ញាណ នោះមកហើយ ព្រោះដូច្នោះ ទើបហៅថា ពោធិសត្វ ។