អធិប្បាយបុព្វភាគបដិបទា
ព្រះមានព្រះភាគ កាលទ្រង់សម្តែងការនៅដោយមិនវង្វេង គឺអសម្មោហវិហាររបស់ព្រះអង្គ ដែលមានការបានសម្រេចគុណនៃពុទ្ធជាទីបំផុត ដូចពណ៌នាមកដូច្នេះហើយ ឥឡូវនេះ ដើម្បីទ្រង់សម្តែងបដិបទាជាហេតុ ឲ្យសម្រេចការនៅដោយមិនវង្វេង ដែលដល់ទីបំផុតហើយនោះ តាំងអំពី ពេលចាប់ផ្តើម ទើបត្រាស់ពាក្យថា អារទ្ធំ ខោ បន មេ ព្រាហ្មណ ដូច្នេះ ជាដើម ។ ឯអាចារ្យពួកខ្លះពោលថា ព្រាហ្មណ៍បានស្តាប់ការនៅ ដោយមិនវង្វេង នេះហើយ មានគំនិតយ៉ាងនេះថា ព្រះសមណគោតមសម្រេចការនៅដោយ មិនវង្វេងនេះ ដោយបដិបទាអ្វីហ្ន៎ ព្រះមានព្រះភាគទ្រង់ជ្រាបគំនិតរបស់ ព្រាហ្មណ៍នោះហើយ កាលទ្រង់សម្តែងថា តថាគតបានសម្រេចការនៅដោយ មិនវង្វេងដ៏ឧត្តមនេះ ដោយបដិបទានេះ ទើបត្រាស់យ៉ាងនេះ ។ បណ្តាបទទាំងនោះ បទថា អារទ្ធំ ខោ បន មេ ព្រាហ្មណ វីរិយំ អហោសិ អធិប្បាយថា ម្នាលព្រាហ្មណ៍ ការនៅដោយមិនវង្វេងដ៏ឧត្តមនេះ មិនមែនតថាគតខ្ជិលច្រអូស ភ្លេចសតិ មានកាយរសាប់រសល់ ឬមានចិត្ត រាយមាយ បានសម្រេចមកឡើយ ដោយពិត តថាគតបានប្រារព្ធព្យាយាម ដើម្បីសម្រេចការនៅដោយមិនវង្វេងនោះ គឺតថាគតអង្គុយត្រង់គល់ពោធិ៍ បានប្រារព្ធ ផ្គងនូវសេចក្តីព្យាយាមមានអង្គ ៤ ឲ្យប្រព្រឹត្តទៅមិនធូរថយ ។ ក៏ព្រោះប្រារព្ធហើយនោះឯង សេចក្តីព្យាយាមប្រកបដោយអង្គ ៤ នោះនៃ តថាគត ទើបមិនធូរថយ ។ បទថា ឧបដ្ឋិតា សតិ អប្បមុដ្ឋា សេចក្តីថា ហើយមិនមែនត្រឹមតែ សេចក្តីព្យាយាមតែម្យ៉ាងបុណ្ណោះទេ សូម្បីសតិរបស់តថាគតក៏តាំងមាំដោយ ភាវៈ ដែលបែរមុខឆ្ពោះទៅកាន់អារម្មណ៍ និងព្រោះតាំងមាំហើយនោះឯង