ឧបមា ៤ យ៉ាង
ព្រះតម្រាស់របស់ព្រះគោតមដ៏ចម្រើន រាប់ថា ពីរោះពន់ពេក ព្រោះជាទីរីករាយ តាមគន្លង រាប់ថា ចាប់ចិត្តពន់ពេក ព្រោះអត់ធន់ចំពោះការដែលត្រូវ វាយដំ ។ ព្រះតម្រាស់របស់ព្រះគោតមដ៏ចម្រើន រាប់ថា ពីរោះពន់ពេក ព្រោះ កំពុងស្តាប់ក៏ជាសុខ រាប់ថា ចាប់ចិត្តពន់ពេក ព្រោះពិចារណាក៏ជាប្រយោជន៍ ។ បន្ទាប់អំពីនោះ ព្រាហ្មណ៍បានសរសើរព្រះធម្មទេសនានោះឯង ដោយ ឧបមា ៤ យ៉ាង ។ បណ្តាបទទាំងនោះ បទថា និកុជ្ជិតំ បានដល់ ភាជនៈដែលផ្កាប់មាត់ ចុះក្រោម ឬដែលមានមាត់នៅខាងក្រោម ។ បទថា ឧក្កុជ្ជេយ្យ បានដល់ ផ្ងារមាត់ឡើង ។ បទថា បដិច្ឆន្នំ បាន ដល់ ដែលគេបិទដោយស្មៅ និងស្លឹកឈើជាដើម ។ បទថា វិវរេយ្យ ប្រែ ថា បើក ។ បទថា មូឡស្ស បានដល់ អ្នកវង្វេងទិស ។ បទថា មគ្គំ អាចិក្ខេយ្យ សេចក្តីថា ចាប់ដៃហើយប្រាប់ថា នេះផ្លូវ ។ បទថា អន្ធការេ គឺក្នុងភាពងងឹតមានអង្គ ៤ គឺងងឹតព្រោះថ្ងៃ ១៤ រោច ព្រោះជាវេលាកណ្តាលយប់ ព្រោះព្រៃក្រាស់ ព្រោះពពកក្រាស់បិទបាំង ។ អត្ថរបស់បទដែលជ្រាលជ្រៅ មានប្រមាណបុណ្ណេះ ។ ឯពាក្យអធិប្បាយប្រកបអត្ថ មានដូច្នេះថា ព្រះគោតមដ៏ចម្រើន ជាអ្នក ញ៉ាំងខ្ញុំព្រះអង្គដែលបែរមុខចេញអំពីព្រះសទ្ធម្ម ធ្លាក់ចូលទៅក្នុងអសទ្ធម្ម ឲ្យ ផុតចាកអស្សទ្ធម្ម ដូចបុគ្គលណាម្នាក់ ផ្ងារវត្ថុដែលផ្កាប់ឡើងដូច្នោះ បើក សាសនាដែលត្រូវបិទបាំងដោយព្រៃស្តុក គឺមិច្ឆាទិដ្ឋិ ចាប់តាំងអំពីសាសនា របស់ព្រះមានព្រះភាគព្រះនាមថាកស្សបអន្តរធានទៅ ដូចបុគ្គលណាម្នាក់ បើករបស់ដែលត្រូវបិទបាំងចេញ ដូច្នោះ ជាអ្នកប្រាប់ផ្លូវសួគ៌ និងនិព្វានដល់ ខ្ញុំព្រះអង្គ ដែលដើរវង្វេងផ្លូវ ទៅកាន់ផ្លូវទាប គឺផ្លូវដែលខុស ដូចបុគ្គលណា ម្នាក់ប្រាប់ផ្លូវដ