ហេតុដែលទ្រង់ត្រាស់បុគ្គល ៨ យ៉ាង

ក្បាលទី 13 · ទំព័រ 410

ដូចមាណពអ្នកពោលភាសាផ្សេងៗ ព្រះធម្មទេសនាពោលដោយសម្មតិ និង បរមត្ថរបស់ព្រះមានព្រះភាគ ដូចការប្រាប់ត្រៃវេទ ដោយភាសាទមិឡជាដើម របស់អាចារ្យ ។ ក្នុងការដែលព្រះមានព្រះភាគ ទ្រង់សម្តែងសម្មតិទេសនា និងបរមត្ថទេសនានេះ បុរាណាចារ្យបានពោលទុកថា ព្រះសម្មាសម្ពុទ្ធ ប្រសើរជាងគ្រូទាំងឡាយ បានត្រាស់សច្ចៈ ២ យ៉ាង គឺសម្មតិសច្ច ១ បរមត្ថសច្ច ១ មិនមានសច្ចៈទី ៣ ព្រះពុទ្ធតម្រាស់ទាក់ទង នឹងសម្មតិ ឈ្មោះថាជាសច្ចៈ ព្រោះជាលោកសម្មតិ ឯព្រះពុទ្ធតម្រាស់ទាក់ទង នឹងបរមត្ថ ឈ្មោះថាជាសច្ចៈ ព្រោះហេតុដែលជាការពិតនៃធម៌ទាំងឡាយ ព្រោះដូច្នោះ សម្រាប់ព្រះលោកនាថសាស្តា ទ្រង់ឈ្លាស ក្នុងវោហារទេសនា ត្រាស់ដល់សម្មតិ ទើបមុសាវាទមិនកើតឡើង ដូច្នេះ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ បានត្រាស់បុគ្គលកថា ដោយហេតុ ៨ ប្រការ គឺដើម្បីទ្រង់សម្តែងដល់ហិរិ និងឱត្តប្បៈ ១ ដើម្បីទ្រង់សម្តែងដល់ភាព ដែលសត្វមានកម្មជារបស់ខ្លួន ១ ដើម្បីទ្រង់សម្តែងដល់ការធ្វើរបស់បុគ្គល ដោយចំពោះខ្លួន ១ ដើម្បីទ្រង់សម្តែងដល់អនន្តរិយកម្ម ១ ដើម្បីទ្រង់សម្តែង ដល់ព្រហ្មវិហារធម៌ ១ ដើម្បីទ្រង់សម្តែងដល់បុព្វេនិវាសានុស្សតិញ្ញាណ ១ ដើម្បីទ្រង់សម្តែងដល់ទក្ខិណាវិសុទ្ធិ ១ ដើម្បីមិនលះចោលនូវការសន្មតរបស់ លោក ១ ។ កាលព្រះអង្គត្រាស់ថា ខន្ធ ធាតុ អាយតនៈទាំងឡាយ ខ្មាសបាប ខ្លាច បាប មហាជននឹងមិនយល់ នាំគ្នានិយាយគ្នាថា នេះអ្វីហ្ន៎ ខន្ធ ធាតុ អាយតនៈទាំងឡាយខ្មាសបាប ក្រែងខ្លាចចំពោះបាបដែរឬ ដូច្នេះ តែលុះ ព្រះអង្គត្រាស់ថា បុរស ក្សត្រ ព្រាហ្មណ៍ ទេវតា មារ ខ្មាសបាប ខ្លាច ចំពោះបាប ដូច្នេះ មហាជននឹងយល់ មិនជជែកជំទាស់ ព្រោះដូច្នោះ ទើប ព្រះមានព្រះ