សល្លេខសូត្រទី ៨

ក្បាលទី 13 · ទំព័រ 534

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានជោគគង់ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាចុន្ទមានអាយុ ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមហាចុន្ទមានអាយុ អង្គុយក្នុងទី ដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ ចម្រើន ទិដ្ឋិទាំងឡាយច្រើនប្រការណា ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយលោកវាទខ្លះ កើតឡើងក្នុងលោក បពិត្រព្រះអង្គដ៏ចម្រើន កាលបើភិក្ខុធ្វើទុកក្នុងចិត្តជាដំបូង តើលះទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះ ចោលទិដ្ឋិទាំងនុ៎ះ ដោយឧបាយយ៉ាងនេះដែរឬទេ ។ ព្រះអង្គត្រាស់ថា ម្នាលចុន្ទ ទិដ្ឋិទាំងឡាយមានច្រើនប្រការណា ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយលោកវាទខ្លះ កើតឡើង ក្នុងលោក ក៏ទិដ្ឋិទាំងឡាយនោះ កើតក្នុងបញ្ចក្ខន្ធណា ដេកសម្ងំនៅក្នុង បញ្ចក្ខន្ធណា ផុសផុលឡើងក្នុងបញ្ចក្ខន្ធណា កាលបើភិក្ខុឃើញច្បាស់នូវ បញ្ចក្ខន្ធនុ៎ះ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នេះមិនមែន របស់អញ នេះមិនមែនអញ នេះមិនមែនខ្លួនរបស់អញដូច្នេះ ការលះបង់នូវ ទិដ្ឋិទាំងឡាយនេះ គង់មានដោយឧបាយយ៉ាងនេះបាន ការរលាស់ចោលនូវ ទិដ្ឋិទាំងឡាយនោះ គង់មានដោយឧបាយយ៉ាងនេះបាន ។ ម្នាលចុន្ទ ហេតុនេះតែងមានជាប្រាកដ គឺភិក្ខុពួកខ្លះក្នុងសាសនា នេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូល បឋមជ្ឈានប្រកបដោយវិតក្កវិចារៈ មានបីតិ និងសុខដែលកើតអំពីវិវេក ភិក្ខុ នោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនៅដោយសេចក្តីផូរផង់