អធិប្បាយអកុសលកម្មបថ ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងការសម្តែងដោយពិស្តារនូវបឋមវារៈ ក្នុងចំនួនវារៈ ទាំងនោះដូច្នេះ ក្នុងពាក្យទាំងឡាយ មានពាក្យថា អាវុសោ បាណាតិបាត នោះឯង ជាអកុសលជាដើម ។ អកុសលគប្បីជ្រាបបានពីការប្រព្រឹត្តទៅ ដោយការមិនឈ្លាស ។ អកុសលធម៌នោះ គប្បីជ្រាបដោយការផ្ទុយគ្នានឹង កុសលដែលត្រូវពោលខាងមុខ ឬដោយលក្ខណៈ គប្បីជ្រាបថា ជាវត្ថុដែល មានទោស និងមានវិបាកជាទុក្ខ ជាវត្ថុដែលសៅហ្មង នេះជាការពង្រីកបទ ទួទៅ ក្នុងអកុសលវារៈប្រមាណបុណ្ណេះ ។ ឯក្នុងបទចំពោះ គឺមិនទួទៅ គប្បីជ្រាបវិនិច្ឆ័យថា ការញ៉ាំងសត្វមាន ជីវិតឲ្យធ្លាក់ចុះកន្លង ឈ្មោះថា បាណាតិបាត បានដល់ ការសម្លាប់សត្វមាន ជីវិត អធិប្បាយថា ការទម្លាយសត្វមានជីវិត ។ ពាក្យថា បណ ក្នុងពាក្យ ថា បណាតិបតោ នេះ ដោយវោហារ បានដល់ សត្វ តែដោយបរមត្ថ បានដល់ ជីវិត្រិន្ទិយ ។ ឯចេតនាដែលសម្លាប់របស់បុគ្គល ដែលមានការសម្គាល់ក្នុងសត្វមាន ជីវិតនោះថា ជាសត្វមានជីវិត ដែលជាសមុដ្ឋាននៃសេចក្តីព្យាយាម ដែល នឹងចូលទៅកាត់ជីវិត្រិន្ទិយ ដែលប្រព្រឹត្តទៅតាមកាយទ្វារ ឬវចីទ្វារ ទ្វារណាមួយ ឈ្មោះថា បណាតិបត ។ បាណាតិបាតនោះ គប្បីជ្រាបថា មានទោសតិច ព្រោះសត្វមានសរីរៈ តូច ក្នុងចំនួនសត្វមានជីវិតទាំងឡាយ មានតិរច្ឆានជាដើម ដែលប្រាសចាក គុណ តែគប្បីជ្រាបថា មានទោសច្រើន ព្រោះសត្វមានជីវិត មានសរីរៈធំ ។ ព្រោះហេតុអ្វី ព្រោះមានប្រយោគធំ គឺព្យាយាមខ្លាំង ។ កាលមានប្រយោគស្មើគ្នា បាណាតិបាត គប្បីជ្រាបថា មានទោសច្រើន ព្រោះវត្ថុធំ ( សរីរៈធំ ) ។