អាការ ៥ ក្ថុងកុសលកម្មបថ

ក្បាលទី 13 · ទំព័រ 634

ក៏គិតទៀតថា ការបានសមាទានសិក្ខាបទក្នុងសម្នាក់របស់គ្រូ ដែលគួររាប់អាន ហើយ ទម្លាយបង់មិនសមគួរឡើយ ។ លុះគិតយ៉ាងនេះអស់វារៈ ៣ ដងហើយ ក៏សម្រេចចិត្តថា អញនឹងលះបង់ជីវិត មិនព្រមលះបង់សិក្ខាបទ ហើយបានគ្រវែងកាំបិតធំ ដែលស្ពាយមកនៅលើស្មា ចូលទៅក្នុងព្រៃ ។ រំពេចនោះ ពស់ធំក៏បានរំសាយខ្លួនចេញ ហើយលូនទៅ ។ ចំណែកវិរតិដែលសម្បយុត្តដោយអរិយមគ្គ គប្បីជ្រាបថា ជាសមុច្ឆេទវិរតិ ដែលចាប់ផ្តើមពីកើតហើយ ព្រះអរិយបុគ្គលទាំងឡាយមិនធ្លាប់ សូម្បីតែ កើតគំនិតថា អញនឹងសម្លាប់សត្វមានជីវិត ដូច្នេះ ។ តែវិរតិនេះ លោក ហៅថា កុសល ព្រោះប្រព្រឹត្តទៅដោយការឈ្លាស ។ ម្យ៉ាងទៀត លោក ហៅថា កុសល ព្រោះកាត់បង់នូវការទ្រុស្តសីល ដែលបានវោហារថា កុស ព្រោះកាត់ផ្តាច់នូវបាបអកុសលក៏មាន តែមិនបានហៅថា កុសល ព្រោះមិន បានសមគួរនឹងបញ្ញានេះថា អាវុសោ កុសលដូចម្តេច ។ ម្យ៉ាងទៀត កុសលកម្មបថទាំងនេះ ក៏គួរជ្រាបវិនិច្ឆ័យដោយអាការ ៥ យ៉ាង គឺដោយធម្មតោ ១ ដោយកោដ្ឋាសតោ ១ ដោយអារម្មណតោ ១ ដោយវេទនតោ ១ ដោយមូលតោ ១ ដូចនឹងអកុសលកម្មបថទាំងឡាយ ។ បណ្តាបទទាំងនោះ បទថា ធម្មតោ សេចក្តីថា ក្នុងចំនួនកុសលកម្មបថ ទាំងនេះ កម្មបថ ៧ ប្រកបតាមលំដាប់ ជាតួចេតនា តែវិរតិទាំង ៣ ខាង ចុង គឺមនោកម្ម ជាធម៌សម្បយុត្តដោយចេតនា ។ បទថា កោដ្ឋាសតោ សេចក្តីថា កុសលធម៌ ៧ ប្រការ តាមលំដាប់ ជាកម្មបថតែម្យ៉ាង មិនជាមូលឡើយ ។ តែកុសលធម៌ ៣ ប្រការខាងចុង ជាកម្មបថផង ជាមូលផង អធិប្បាយថា អនភិជ្ឈា ដល់នូវកម្មបថហើយ ទើបឈ្មោះថា ជាអលោភៈកុសលមូល តែអព្យាបាទ ឈ្មោះថា ជា អទោសៈកុសលមូល ។ ឯសម្មាទិដ្ឋិ ឈ្មោះថា អមោហៈកុសលមូល ។ បទថា អារម្មណតោ សេចក្តីថា អារម្មណ៍ទាំងឡាយ មានបាណា