អធិប្បាយជាតិវារ្វ
ម្យ៉ាងទៀត ព្រោះខន្ធទាំងឡាយក្នុងទេវលោក និងព្រហ្មលោក មាន ចាតុម្មហារាជិកាជាដើម បែកធ្លាយទៅតែម្យ៉ាង ក៏មិនមានសល់សាកសព ដូច្នោះ ការបែកធ្លាយនៃខន្ធទាំងឡាយ គប្បីជ្រាបដោយអំណាចនៃខន្ធទាំងឡាយក្នុងទេវលោក និងព្រហ្មលោក មានចាតុម្មហារាជិកាជាដើមនោះ ។ ឯ ការដាក់ចុះនូវសាកសព មាននៅក្នុងសត្វទាំងឡាយ មានមនុស្សជាដើម ។ ការស្លាប់ដោយហេតុ ដែលដាក់នូវសាកសព ព្រះថេរៈពោលថា ការដាក់ចុះ នូវសាកសព ។ គប្បីជ្រាបវិនិច្ឆ័យយ៉ាងនេះថា ជរាក្តី មរណៈក្តី គប្បីជ្រាប ដូចពណ៌នាមកនេះ ។ ពាក្យថា ឥទំ វុច្ចតាវុសោ សេចក្តីថា ជរា និង មរណៈទាំង ២ យ៉ាងនេះ ព្រះថេរៈពោលរួមគ្នាថា ជរាមរណៈ ។ ពាក្យដ៏ សេស មានន័យដូចពោលមកហើយនោះឯង ដូច្នេះ ។ អធិប្បាយ ជរាមរណវារៈ ចប់ អធិប្បាយ ជាតិវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យទាំងឡាយថា ជាតិ សញ្ជាតិ ជាដើម ក្នុងជាតិវារៈដូចតទៅនេះ ឈ្មោះថា ជាតិ ព្រោះអត្ថថា ផ្តើមកើត ។ ជាតិនោះប្រកបហើយដោយ អំណាចនៃអាយតនៈមិនទាន់បរិបូណ៌ ។ ឈ្មោះថា សញ្ជាតិ ព្រោះអត្ថថា កើតគ្រប់ហើយ ។ សញ្ជាតិនោះ ប្រកបហើយ ដោយអំណាចអាយតនៈបរិបូណ៌ហើយ ។ ឈ្មោះថា ឱក្កន្តិ ព្រោះអត្ថថា ឈានចុះ គឺឈានចុះកាន់គភ៌ ។ ឱក្កន្តិ នោះប្រកបដោយអណ្ឌជៈកំណើត និងជលាពុជកំណើត ។ អធិប្បាយថា សត្វទាំងនោះឈានចុះ គឺបដិសន្ធិ ដូចឈានចូលទៅកាន់សម្បកសុត និង ស្បូន ដូច្នោះ ។ ឈ្មោះថា អភិនិព្វត្តិ ព្រោះអត្ថថា ផុសកើត ។ អភិនិព្វត្តិនោះប្រកបដោយ សំសេទជៈកំណើត និងឱបបាតិកកំណើត អធិប្បាយថា សត្វទាំងនោះ កើតប្រាកដឡើងតែម្តង ។