អធិប្បាយឧបាទានវារ្វ

ក្បាលទី 13 · ទំព័រ 668

ជាបច្ច័យនៃកម្មភពដែលជាអកុសល ដោយឧបនិស្សយប្បច្ច័យខ្លះ ដោយ សហជាតប្បច្ច័យជាដើមខ្លះ ជាបច្ច័យរបស់ឧបបត្តិភព របស់កម្មភពដែលជា កុសលផង អកុសលទាំងអស់ផង ដោយឧបនិស្សយប្បច្ច័យខ្លះ ។ ពាក្យ ដ៏សេសមាន ន័យដូចពោលមកហើយនោះឯង ដូច្នេះ ។ អធិប្បាយ ភវវារៈ ចប់ អធិប្បាយ ឧបទានវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យទាំងឡាយ មានពាក្យថា កាមុបទានំ ក្នុងឧបាទានវារៈ ជាដើមដូចតទៅនេះ កិលេសជាតិ ឈ្មោះថា កាមុបទាន ព្រោះអត្ថវិគ្គហៈថា ជាហេតុប្រកាន់ មាំនូវវត្ថុកាម ឬព្រោះប្រកាន់វត្ថុកាមនោះឯង ។ ម្យ៉ាងទៀត កាមនោះផង ជាឧបាទានផង ព្រោះដូច្នោះ ទើបឈ្មោះថា កាមុបទាន ។ ការប្រកាន់មាំ លោកហៅថា ឧបទាន ។ ព្រោះថា ឧប សព្ទ ក្នុង ពាក្យថា ឧបទានំ នេះ មានអត្ថថា មាំ ដូច ឧប សព្ទ ក្នុងពាក្យទាំងឡាយ ថា ឧបយាស និង ឧបកដ្ឋ ។ ពាក្យថា កាមុបទាន នេះ ជាឈ្មោះរបស់រាគៈ ដែលប្រព្រឹត្តទៅក្នុង កាមគុណ ។ នេះជាការសង្ខេបក្នុងកាមុបាទាននេះ ។ តែដោយពិស្តារ កាមុបាទាននេះ គប្បីជ្រាបដោយន័យដែលត្រាស់ទុក ហើយថា បណ្តាឧបាទានទាំងនោះ តើកាមុបាទានដូចម្តេច បានដល់ ការពេញ ចិត្តដោយអំណាចការប្រាថ្នាក្នុងកាមទាំងឡាយ ។ ទិដ្ឋុបាទានក៏យ៉ាងនោះ គឺ ទិដ្ឋិនោះផង ជាឧបាទានផង ព្រោះដូច្នោះ ទើបឈ្មោះថា ទិដ្ឋុបទាន ។ ម្យ៉ាងទៀត កិលេសជាតិ ឈ្មោះថា ទិដ្ឋុបទាន ព្រោះប្រកាន់មាំនូវទិដ្ឋិ ឬ ឈ្មោះថា ទិដ្ឋុបទាន ព្រោះវិគ្គហៈថា ជាហេតុឲ្យប្រកាន់មាំក្នុងទិដ្ឋិ អធិប្បាយ ថា កិលេសជាតិណា រមែងប្រកាន់មាំនូវមូលទិដ្ឋិ ក្នុងពាក្យទាំងឡាយជាដើម ថា អត្តាក្តី លោកក្តីជារបស់ទៀង ព្រោះដូច្នោះ ទើបកិលេសជាតិនោះ ឈ្មោះយ៉ាងនោះ គឺឈ្មោះថា ទិដ្ឋុបទាន ។