អធិប្បាយនាមរូបវារ្វ

ក្បាលទី 13 · ទំព័រ 676

ដែលមានរូប និងនាម និងនាមផង រូបផងជាបច្ច័យ ពាក្យដ៏សេស មាន ប្រការដូចពោលមកហើយនោះឯង ។ អធិប្បាយ សឡាយតនវារៈ ចប់ អធិប្បាយ នាមរូបវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងនាមរូបវារៈដូចតទៅនេះថា នាមមាន ការបង្អោនទៅជាលក្ខណៈ ។ រូបមានការបែកធ្លាយទៅជាលក្ខណៈ ។ តែ ក្នុងវារៈនៃវិត្ថារន័យ ( ន័យដោយពិស្តារ ) របស់នាមរូបនោះ គប្បីជ្រាបថា វេទនា បានដល់ វេទនាខន្ធ សញ្ញា បានដល់ សញ្ញាខន្ធ ចេតនា ផស្សៈ មនសិការ បានដល់ សង្ខារក្ខន្ធ ។ ទោះបីមានធម៌ដទៃដែលសង្គ្រោះចូល ដោយសង្ខារក្ខន្ធក៏ពិត តែធម៌ ៣ យ៉ាងនេះ មាននៅក្នុងចិត្តដែលមានកម្លាំង ខ្សោយគ្រប់ដួង ព្រោះដូច្នោះ ក្នុងនាមរូបវារៈនេះ ព្រះថេរៈក៏បានសម្តែង សង្ខារក្ខន្ធ ដោយអំណាចនៃធម៌ទាំង ៣ យ៉ាងនេះឯង ។ ពាក្យថា ចត្តារិ ក្នុងពាក្យថា ចត្តារិ មហាភូតានិ នេះ ជាការកំណត់ ការរាប់ ។ ពាក្យថា មហាភូតានិ នេះ ជាឈ្មោះរបស់ដី ទឹក ភ្លើង ខ្យល់ តែហេតុដែលហៅវត្ថុទាំង ៤ នោះ ថាជាមហាភូត និងន័យនៃការ វិនិច្ឆ័យដទៃ ក្នុងនាមរូបទាំងអស់នេះ បានពោលទុកហើយក្នុងនិទ្ទេសនៃ រូបក្ខន្ធ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ឯពាក្យថា ចតុន្នំ ក្នុងពាក្យថា ចតុន្នញ្ច មហាភូតានំ ឧបទាយ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថនៃទុតិយាវិភត្តិ មានអធិប្បាយ ថា អាស្រ័យមហាភូតទាំង ៤ ។ បទថា ឧបទាយ សេចក្តីថា ចូលទៅប្រកាន់ទុក គឺចាប់ទុក ។ អាចារ្យ ពួកខ្លះពោលថា និស្សាយ ប្រែថា អាស្រ័យក៏មាន ។ សព្ទថា វត្តមានំ នេះ ជាបាឋសេស គឺលើស ។ ម្យ៉ាងទៀត ពាក្យថា វត្តមានំ នេះ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថថា ប្រជុំ ព្រោះហេតុនោះ គប្បីជ្រាប អធិប្បាយនេះថា រូបដែលអាស្រ័យការប្រជុំមហាភូតរូបទាំង ៤ ប្រព្រឹត្តទៅ ។