អធិប្បាយវិញ្ញាណវារ្វ
ក្បាលទី 13 · ទំព័រ 678
អធិប្បាយ វិញ្ញាណវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងវិញ្ញាណវារៈដូច្នេះ វិញ្ញាណអាស្រ័យ ចក្ខុ ឈ្មោះថា ចក្ខុវិញ្ញាណ ម្យ៉ាងទៀត វិញ្ញាណដែលកើតឡើងហើយអំពី ចក្ខុ ព្រោះដូច្នោះ ទើបឈ្មោះថា ចក្ខុវិញ្ញាណ ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ និង កាយវិញ្ញាណ ក៏យ៉ាងនោះដូចគ្នា ។ តែវិញ្ញាណនេះ បានដល់ មនោនោះឯង ព្រោះដូច្នោះ ទើបឈ្មោះថា មនោវិញ្ញាណ ។ ពាក្យថា មនោវិញ្ញាណ នេះ ជាឈ្មោះរបស់វិបាកចិត្ត ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ វៀរទ្វិបញ្ចវិញ្ញាណ ។ តែក្នុងពាក្យថា សង្ខារសមុទយា នេះ អ្នកសិក្សាគប្បីជ្រាបការកើតឡើង នៃវិញ្ញាណ ព្រោះសង្ខារកើត តាមន័យដែលបានពោលហើយ ក្នុង គម្ពីរវិសុទ្ធិមគ្គនោះឯង ។