អធិប្បាយពាក្យថា កាយ
បទថា កាយេ បានដល់ ក្នុងរូបកាយ ។ សេចក្តីពិត រូបកាយ ទ្រង់ បំណងថា កាយក្នុងព្រះសូត្រនេះ ដូចជា កាយដំរី និងកាយសេះជាដើម ព្រោះអត្ថថា ជាទីប្រជុំរបស់អវ័យវៈតូចធំ និងរបស់រូបធម៌ទាំងឡាយ មាន សក់ជាដើម ។ រូបកាយ ឈ្មោះថា កាយ ព្រោះអត្ថថា ជាទីប្រជុំនៃអវ័យវៈតូចធំ ទាំងឡាយ យ៉ាងណា ឈ្មោះថា កាយ ព្រោះអត្ថថា ជាទីមកដល់នៃវត្ថុ ដែលគួរខ្ពើមទាំងឡាយ ដូច្នោះ ។ ព្រោះថា រូបកាយនោះ ជាទីមកដល់នៃវត្ថុដែលគួរខ្ពើមទាំងឡាយ គឺវត្ថុ ដែលគួររអើមក្រៃពេក ព្រោះដូច្នោះ ទើបឈ្មោះថា កាយ ។ បទថា អាយោ បានដល់ ដែនកើតរបស់ដែលគួរខ្ពើម ក្នុងបទថា កាយោ នេះ មានអត្ថដូច្នេះ ឈ្មោះថា អាយ ព្រោះជាដែនកើត សួរថា អ្វីកើត ឆ្លើយថា អវ័យវៈទាំងឡាយ មានសក់ជាដើម ដែលគួរខ្ពើមកើត ឈ្មោះថា កាយ ព្រោះជាដែនកើតនៃវត្ថុដែលគួរខ្ពើមទាំងឡាយ ដោយ ប្រការដូច្នេះ ។ បទថា កាយានុបស្សី បានដល់ បុគ្គលពិចារណាឃើញកាយរឿយៗ ជាប្រក្រតី ឬដែលពិចារណាឃើញរឿយៗ នូវកាយ ។ គួរជ្រាបថា ព្រះមានព្រះភាគត្រាស់ហើយថា កាយេ តែទ្រង់ធ្វើ កាយ សព្ទជាលើកទី ២ ទៀតថា កាយានុបស្សី ដើម្បីទ្រង់សម្តែងញែកឃនសញ្ញាចេញ ទៅដោយការកំណត់ ដោយចតុធាតុវវដ្ឋានកម្មដ្ឋាន ដោយមិន ឲ្យលាយឡំគ្នា ព្រះយោគាវចរមិនមែនជាអ្នកពិចារណាឃើញវេទនាក្នុងកាយ ឬពិចារណាឃើញចិត្ត និងធម៌ក្នុងកាយ ដោយពិតនោះ ជាអ្នកពិចារណា ឃើញកាយក្នុងកាយនោះឯង ព្រោះដូច្នោះ ដោយបទថា កាយានុបស្សី នោះ ឈ្មោះថា ព្រះមានព្រះភាគទ្រង់សម្តែងដល់ការកំណត់ ដោយមិនឲ្យលាយឡំ គ្នា ដោយការសម្តែង ព្រោះអាការ គឺការពិចារណាឃើញកាយក្នុងវត្ថុ ពោល គឺកាយនោះឯង ។