អធិប្បាយវេទនានុបស្សនា

ក្បាលទី 13 · ទំព័រ 772

នេះជាកថាពណ៌នាសេចក្តីនៃឧទ្ទេស នៃកាយានុបស្សនាសតិប្បដ្ឋាន ។ អធិប្បាយ វេទនានុបស្សនា ឥឡូវនេះ អ្នកសិក្សាគប្បីជ្រាបប្រយោជន៍ក្នុងការពោលវេទនាជាដើម ក្នុងពាក្យមានយ៉ាងនេះថា វេទនាសុ វេទនានុបស្សី វិហរតិ ដែលមាននៅក្នុង ពាក្យនេះថា វេទនាសុ … ចិត្តេ … ធម្មេសុ ធម្មានុបស្សី វិហរតិ ។ បេ ។ វិនេយ្យ លោកេ អភិជ្ឈាទោមនស្សំ ដោយន័យដូចបានពោលហើយក្នុង កាយានុបស្សនា ។ ក្នុងពាក្យថា វេទនាសុ វេទនានុបស្សី វិហរតិ ចិត្តេ ចិត្តានុបស្សី ធម្មេសុ ធម្មានុបស្សី នេះ ពាក្យថា វេទនា បានដល់ វេទនា ៣ ហើយ វេទនានោះ ជាលោកិយតែម្យ៉ាង សូម្បីចិត្តក៏ដូចគ្នា គឺជាលោកិយ ។ ធម៌ក៏ ដូច្នោះដូចគ្នា ។ ការចែកវេទនាទាំងនោះជាដើម នឹងប្រាកដក្នុងនិទ្ទេសវារៈ តែក្នុងទីនេះ គប្បីជ្រាបការចែកវេទនាសុទ្ធៗ ថា វេទនាត្រូវពិចារណាឃើញ យ៉ាងណា ព្រះយោគាវចរ កាលពិចារណាឃើញយ៉ាងនោះ ក៏ឈ្មោះថា ពិចារណាឃើញវេទនាក្នុងវេទនា ។ ក្នុងចិត្តានុបស្សនា និងធម្មានុបស្សនា ក៏ន័យនេះដូចគ្នា ។ សួរថា វេទនាគួរពិចារណាឃើញដូចម្តេច ឆ្លើយថា ជាបឋម សុខវេទនា គួរពិចារណាឲ្យឃើញថាជាទុក្ខ ទុក្ខវេទនាគួរពិចារណាឲ្យឃើញដូចជា ព្រួញ អទុក្ខមសុខវេទនា គួរពិចារណាឲ្យឃើញជារបស់មិនទៀង ដូច ព្រះតម្រាស់ថា អ្នកឯណា បានឃើញសុខវេទនា ថាជាទុក្ខវេទនាវិញ បានឃើញទុក្ខវេទនា ថាជាកូនសរ បានឃើញអទុក្ខមសុខវេទនានោះ ថាជាសភាវៈមិន ទៀងទៅវិញ បើភិក្ខុបានឃើញដោយប្រពៃ កំណត់ដឹងនូវវេទនាទាំងឡាយ ភិក្ខុនោះ លុះកំណត់ដឹងនូវវេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះហើយ ជាអ្នក មិនមានអាសវៈ ស្ថិតនៅក្នុងធម៌ ជាអ្នកដល់នូវវេទ លុះទម្លាយរាងកាយទៅ មិនគួររាប់ថា ( ជាអ្នកមានភពទៀតឡើយ ) ។