អធិប្បាយវេទនានុបស្សនា

ក្បាលទី 13 · ទំព័រ 833

នវសីវថិកាបព្វៈ ៩ ឈ្មោះថា ចប់ហើយ ដោយមានពាក្យប្រមាណបុណ្ណេះ ។ បណ្តាបព្វៈទាំងនោះ ២ បព្វៈ គឺអានាបានបព្វៈ ១ បដិកូលមនសិការបព្វៈ ១ ជាអប្បនាកម្មដ្ឋាន ឯ ១២ បព្វៈដ៏សេស ជាឧបចារកម្មដ្ឋានបុណ្ណោះ ព្រោះទ្រង់ត្រាស់ស្មសាន ដោយអំណាចអាទីនវានុបស្សនា ដូច្នេះ ។ អធិប្បាយ នវសីវថិកាបព្វៈ ចប់ កាយានុបស្សនា ចប់ អធិប្បាយ វេទនានុបស្សនា ព្រះមានព្រះភាគ កាលត្រាស់កាយានុបស្សនាសតិប្បដ្ឋាន ដោយវិធី ១៤ យ៉ាង ដូចពណ៌នាមកនេះហើយ ឥឡូវនេះ ដើម្បីត្រាស់ វេទនានុបស្សនា ដោយវិធី ៩ យ៉ាង ទើបត្រាស់ពាក្យថា កថញ្ច ភិក្ខវេ ជាដើម ។ បណ្តាបទទាំងនោះ បទថា សុខំ វេទនំ អធិប្បាយថា ព្រះយោគាវចរ កាលសោយសុខវេទនាដែលប្រព្រឹត្តទៅតាមកាយ ឬប្រព្រឹត្តទៅតាមផ្លូវចិត្ត រមែងដឹងច្បាស់ថា អញកំពុងសោយសុខវេទនា ដូច្នេះ ។ សេចក្តីនេះ ទោះ កូនង៉ាដែលនៅដេកផ្ងារនៅឡើយ កាលសោយសេចក្តីសុខក្នុងវេលាបៅដោះ ជាដើម ក៏ដឹងច្បាស់ថា អញកំពុងសោយសុខក៏ពិត តែទោះជាដូច្នោះ ពាក្យ នេះ ព្រះមានព្រះភាគមិនបានត្រាស់សំដៅយកការដឹងយ៉ាងនេះ ព្រោះថា ការដឹង បែបនេះ លះសត្តូបលទ្ធិមិនបាន ។ ដកអត្តសញ្ញាមិនបាន មិនជាកម្មដ្ឋាន ឬមិនជាសតិប្បដ្ឋានភាវនា ។ ឯការដឹងរបស់ភិក្ខុនេះ លះសត្តូបលទ្ធិបាន ដកសត្តសញ្ញាបាន ជាកម្ម ដ្ឋានផង ជាសតិប្បដ្ឋានភាវនាផង ។ ការដឹងនេះ ព្រះមានព្រះភាគត្រាស់ សំដៅយកការសោយ ដោយការដឹងខ្លួនយ៉ាងនេះថា អ្នកណាសោយ ការ សោយរបស់អ្នកណា ព្រោះហេតុអ្វី ទើបសោយ ។ បណ្តាបទទាំងនោះ បទថា កោ វេទយតិ ប្រែថា អ្នកណាសោយ សេចក្តីថា មិនមែនអ្នកណាសោយ មិនមែនសត្វ ឬបុគ្គលសោយឡើយ ។