អធិប្បាយចិត្តានុបស្សនា

ក្បាលទី 13 · ទំព័រ 844

ពិចារណាឃើញធម៌ គឺការកើតឡើងក្នុងវេទនាទាំងឡាយតាមកាល ឬមាន ប្រក្រតីពិចារណាឃើញធម៌ គឺការវិនាស ក្នុងវេទនាទាំងឡាយតាមកាល ។ ពាក្យក្រៅអំពីនេះ មានន័យដូចពោលហើយ ក្នុងកាយានុបស្សនានោះឯង ។ សតិជាគ្រឿងកំណត់វេទនាក្នុងវេទនានុបស្សនានេះ ជាទុក្ខសច្ចតែម្យ៉ាង បណ្ឌិតគប្បីជ្រាបគន្លងនៃធម៌ជាគ្រឿងនាំចេញរបស់ភិក្ខុ ដែលកំណត់វេទនា ព្រោះអធិប្បាយប្រកបសេចក្តីដូចពោលមកនេះឯង ។ ពាក្យដ៏សេស ដូចគ្នា នឹងពាក្យដែលពោលមកនោះឯង ។ អធិប្បាយ វេទនានុបស្សនា ចប់ អធិប្បាយ ចិត្តានុបស្សនា ព្រះមានព្រះភាគ កាលត្រាស់សតិប្បដ្ឋាន គឺវេទនានុបស្សនា ដោយអាការ ៩ យ៉ាង យ៉ាងនេះហើយ ឥឡូវនេះ ដើម្បីត្រាស់ចិត្តានុបស្សនា ដោយអាការ ១៦ យ៉ាង ទើបត្រាស់ពាក្យថា កថញ្ច ភិក្ខវេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សរាគំ បានដល់ ចិត្តដែលសហគតៈដោយ លោភៈ ៨ យ៉ាង ។ បទថា វីតរាគំ បានដល់ កុសលចិត្ត ដែលជាលោកិយ និងអព្យាកតចិត្ត ។ ចិត្តដែលប្រាសចាករាគៈ ក្នុងចិត្តានុបស្សនានេះ មិនបានសំដៅ ដល់លោកុត្តរចិត្តសូម្បីតែមួយបទឡើយ ព្រោះការពិចារណា មិនមែនជាការប្រជុំ ធម៌ ចំណែកអកុសលចិត្ត ៤ ដួងដ៏សេស មិនចាត់ចូលក្នុងបទដំបូង និង មិនចាត់ចូលក្នុងបទក្រោយឡើយ ។ បទថា សទោសំ បានដល់ ចិត្តដែល សហគតៈដោយទោមនស្ស ២ ដួង ។ បទថា វីតទោសំ បានដល់ កុសលចិត្តខាងលោកិយ និងអព្យាកតចិត្ត ។ អកុសលចិត្តដ៏សេស ១០ ដួង មិនចាត់ចូលក្នុងបទដំបូង និងមិនចាត់ ចូលក្នុងបទក្រោយឡើយ ។ បទថា សមោហំ បានដល់ អកុសលចិត្ត ២ ដួង គឺអកុសលចិត្តដែលសហគតៈដោយវិចិកិច្ឆា ១ ដួង អកុសលចិត្តដែល សហគតៈដោយឧទ្ធច្ចៈ ១ ដួង ។