អធិប្បាយធម្មានុបស្សនា

ក្បាលទី 13 · ទំព័រ 847

តាមដែលបានអធិប្បាយមកយ៉ាងនេះឯង ។ ពាក្យដ៏សេសមាន អត្ថដូច បានពោលមកហើយនោះឯង ។ អធិប្បាយ ចិត្តានុបស្សនា ចប់ អធិប្បាយ ធម្មានុបស្សនា កាលត្រាស់ចិត្តានុបស្សនាសតិប្បដ្ឋាន ដោយអាការ ១៦ យ៉ាង ដូចពណ៌នាមកនេះ ឥឡូវនេះ ដើម្បីទ្រង់សម្តែងធម្មានុបស្សនា ដោយ អាការ ៥ យ៉ាង ទើបព្រះមានព្រះភាគត្រាស់ពាក្យថា កថញ្ច ភិក្ខវេ ដូច្នេះ ជាដើម ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ ត្រាស់ការកំណត់រូបសុទ្ធៗ ដោយកាយានុបស្សនា ត្រាស់ការកំណត់នាមសុទ្ធៗ ដោយវេទនានុបស្សនា និងចិត្តានុបស្សនា ឥឡូវនេះ ដើម្បីកំណត់ទាំងរូប និងនាមរួមគ្នា ទើបត្រាស់ពាក្យ ថា កថញ្ច ភិក្ខវេ ដូច្នេះជាដើម ។ ម្យ៉ាងទៀត ព្រះមានព្រះភាគត្រាស់ការកំណត់រូបក្ខន្ធ ដោយកាយានុបស្សនា ត្រាស់ការកំណត់វេទនាខន្ធ ដោយវេទនានុបស្សនា ត្រាស់ការកំណត់ វិញ្ញាណក្ខន្ធ ដោយចិត្តានុបស្សនា ។ ឥឡូវនេះ ដើម្បីត្រាស់ការកំណត់ វិញ្ញាណក្ខន្ធ និងសង្ខារក្ខន្ធ ទើបត្រាស់ពាក្យថា កថញ្ច ភិក្ខវេ ដូច្នេះ ជាដើម ។